(ឡូសអាន់ជែឡេស)៖ ក្រុមអ្នកពន្លត់អគ្គីភ័យ បានធ្វើឱ្យមានភាពរីកចម្រើនមួយចំនួន នៅក្នុងប្រតិបត្តិការប្រយុទ្ធតស៊ូ នឹងអណ្ដាតភ្លើងឆេះព្រៃក្នុងតំបន់កាលីហ្វ័រញ៉ាខាងត្បូង (Southern California) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ប៉ុន្តែព្រមពេលជាមួយគ្នា ពួកគេត្រូវប្រឈមមុខនឹងស្ថានភាពដ៏លំបាក ដោយសារខ្យល់នៅតែបន្តបក់ខ្លាំង និងអាកាសធាតុស្ងួត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។
បើតាមក្រុមអ្នកពន្លត់អគ្គីភ័យ ភ្លើងឆេះព្រៃឈ្មោះ បុនហ្វាយអឺ (Bond Fire) បានឆាបឆេះតាំងតែពីថ្ងៃពុធសប្ដាហ៍នេះមកម្ល៉េះ ដោយវាយបានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព ខណៈភ្នាក់ងារពន្លត់អគ្គីភ័យ ០២នាក់ បានរងរបួស។ បន្ថែមពីលើនេះ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមអ្នកពន្លត់អគ្គីភ័យ អាចគ្រប់គ្រងភ្លើងឆេះព្រៃនេះបានត្រឹម ៣០ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោច ២៥,០០០នាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅរកកន្លែងមានសុវត្ថិភាព ហើយគិតត្រឹមព្រឹកថ្ងៃសុក្រដដែល បទបញ្ជាជម្លៀសខ្លួនមួយចំនួន ក៏ត្រូវបានដកចេញវិញហើយដែរ៕