(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃសុក្រសប្តាហ៍នេះ បានច្រានចោលការចោទប្រកាន់ដែលថារដ្ឋាភិបាល របស់លោក បានដើរលើផ្លូវប្រឆាំងគោលការណ៍សេរី ជុំវិញច្បាប់សន្តិសុខថ្មី ដើម្បីការពារមន្ត្រីប៉ូលិស និងការបង្ក្រាបលើក្រុមឥស្លាមជ្រុលនិយម។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Brut បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានហៅច្បប់នេះថា ជាផែនប្រឆាំងគោលការណ៍សេរី លោក ម៉ាក្រុង បានលើកឡើង យ៉ាងដូច្នេះថា៖« ថ្ងៃនេះ! អ្នកមិនពេញចិត្តស្ថានភាពជាក់ស្តែង... ខ្ញុំសូមអភ័យទោស។ ប៉ុន្តែវាមិនបានធ្វើឲ្យយើងក្លាយជារដ្ឋផ្តាច់ការនោះឡើយ»។ លោក ម៉ាក្រុង បានបន្តទៀតថា៖ «យើងមិនមែនប្រទេសហុងគ្រី តួកគី ឬប្រទេសមួយចំនួនទៀត ហើយខ្ញុំនឹងមិនធ្វើឲ្យបាត់បង់សេរីភាពនៅប្រទេសបារាំងដាច់ខាត»។
ការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីបានកើតឡើង បន្ទាប់ពីវីដេអូឃ្លីបរបស់បុរសស្បែកខ្មៅម្នាក់ រងការវាយដំពីសំណាក់មន្ត្រីប៉ូលិស០៣នាក់ ក្នុងស្ទូឌីយោតន្ត្រីផ្ទាល់ខ្លួនរបស់បុរស រូបនោះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមនៅដើមខែធ្នូនេះ។ ជុំវិញបញ្ហានេះ លោក ម៉ាក្រុង បានកត់សម្គាល់ថា សកម្មភាពរបស់មន្ត្រីប៉ូលិសទាំង ០៣នាក់ ពិតជាមិនអាចទទួលយកបាន ប៉ុន្តែវាមិនមែនមានន័យថាប៉ូលិសទាំងអស់សុទ្ធតែប្រកាន់ជំហរបែបហិង្សា និងការរើសអើងជាតិសាសន៍នោះទេ។
ប្រធានាធិបតីបារាំងរូបនេះ បានបន្តទៀតថា៖ «សង្គមក៏បានប្រែក្លាយជាកន្លែងហិង្សាផងដែរ ហើយប៉ូលិសក៏បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ដែលរួមមានព្រឹត្តិការណ៍ នៅទីក្រុងប៉ារីសជាដើម។ ប៉ូលិសម្នាក់ ត្រូវបានក្រុមអ្នកតវ៉ាវាយយ៉ាងដំណំ ប្រសិនបើអ្នកមិនក្រឡេកមើលសង្គមទាំងមូលទេនោះ អ្នកមិនបានប្រកាន់យកគោលជំហរ យុត្តិធម៌នោះទេ»។ លោក Macron ក៏បានគូសបញ្ជាក់ដែរថា លោកមានអារម្មណ៍ថា លោកបានធ្វើឲ្យរដ្ឋាភិបាលលោកខាងលិច និងបញ្ញវន្តនានាខកចិត្ត បន្ទាប់ពីគ្រូជនជាតិ បារាំង លោក Samuel Paty ត្រូវបានកាត់ក្បាល ដោយបុរសមូស្លីម អាយុ១៨ ឆ្នាំ ដោយសារតែបានបង្ហាញរូបត្លុកព្យាការី មហាំម៉ាត់ នៅក្នុងថ្នាក់រៀន។
គួរបញ្ជាក់ថា បន្ទាប់ពីអំពីឃាតកម្ម លោក ម៉ាក្រុង បានសន្យាថានឹងលោកនឹងប្រកាន់ជំហររឹងមាំជាងនេះ ដើម្បីប្រឆាំងនឹងការរំលោភលើតម្លៃស្នូលរបស់សង្គមបារាំង ហើយ រដ្ឋាភិបាលរបស់លោកបានបើកការស៊ើបអង្កេតលើវិហារឥស្លាមដែលគេសង្ស័យថា ជាអ្នកនៅពីក្រោយមនោគមន៍ឥស្លាមជ្រុលនិយមនៅក្នុងប្រទេសបារាំង ប្រការនេះហើយ ទើបបង្កឲ្យមានបាតុកម្មប្រឆាំងប្រទេសបារាំង នៅតាមបណ្ដាប្រទេសមានអ្នកកាន់សាសនាឥស្លាមភាគច្រើន ក៏ដូចជាការរិះគន់ពីប្រទេសលោកខាងលិចផងដដែរ។
ជាចុងក្រោយ លោក Macron បានសង្កត់ធ្ងន់ថា ប្រទេសបារាំងរងវាយប្រហារ ដោយសារខ្លួនបានការពារសេរីភាពនៃការបញ្ចេញមតិ ហើយយើងពិតជាមានអារម្មណ៍ថា ឯកកាខ្លាំងណាស់៕