(តូក្យូ)៖ ទីបំផុតក្រោយរយៈពេល ០៦ឆ្នាំ បេសកកម្ម Hayabusa-2 របស់ប្រទេសជប៉ុននឹងទម្លាក់កម្ទេចដី និងថ្មដែលវាប្រមូលបានពីអាចម៍ផ្កាយ Ryugu មកឲ្យអ្នកវិទ្យាសាស្រ្ត ដែលកំពុងរង់ចាំយ៉ាងអន្ទះសានៅលើផែនដី នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន France 24 នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។
យាន Hayabusa-2 ត្រូវបានបញ្ជូនឆ្ពោះទៅអាចម៍ផ្កាយ Ryugu ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០លានគីឡូម៉ែត្រពីផែនដី កាលពីចុងឆ្នាំ២០១៤ ហើយបានប្រមូលយកគំរូតាងពីផ្ទៃ Ryugu កាលពីឆ្នាំ២០១៩។ យានសម្រាប់ដែលស្តុកទុកគំរូតាង នឹងត្រូវទម្លាក់ពី Hayabusa-2 ហើយចុះមកដល់តំបន់វាលខ្សាច់ នៅភាគខាងត្បូងប្រទេសអូស្រ្តាលី នាវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី០៦ ខែធ្នូ នៅខ្ទង់ម៉ោង ០២៖០០-០៣៖០០នាទី (ម៉ោងស្តង់ដានៅជប៉ុន)។ បន្ទាប់មកទៀត វានឹងត្រូវដឹកជញ្ជូនបន្ត ទៅកាន់ប្រទេសជប៉ុនតែម្តង។
គួរបញ្ជាក់ថា គំរូតាងពាក់កណ្តាលនឹងត្រូវចែករំលែក រវាងទីភ្នាក់ងារអវកាសជប៉ុន JAXA, ទីភ្នាក់ងារអវកាសអាមេរិក NASA និងអង្គការអន្តរជាតិដទៃទៀត ហើយនៅសល់ប៉ុន្មាន គឺសម្រាប់ការសិក្សាស្រាវជ្រាវពេលក្រោយ ដោយប្រើប្រាស់បច្ចេកវិទ្យាវិភាគថ្មីៗនាថ្ងៃអនាគត។ យ៉ាងណាក៏ដោយ បេសកកម្មរបស់ Hayabusa-2 មិនទាន់ចប់នោះទេ គឺក្រោយទម្លាក់គំរូតាងរបស់ Ryugu ហើយ វានឹងបន្តឆ្ពោះទៅកាន់គោលដៅ ជាអាចម៍ផ្កាយចំនួនពីរផ្សេងទៀត៕