(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានរាយការណ៍ថាមនុស្សយ៉ាងហោច១៨នាក់ បានស្លាប់ បន្ទាប់ពីពួកគេជាប់គាំងនៅក្រោមអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ក្នុងទីក្រុង Chongqing ស្ថិតនៅភាគនិរតីនៃប្រទេសចិន។
បើតាមស៊ីនហួ អ្នកស្លាប់ទាំង១៨នាក់ខាងលើ គឺស្ថិតនៅក្នុងចំណោមកម្មករ២៤នាក់ ដែលបានជាប់គាំងនៅក្រោមអណ្ដូងរ៉ែធ្យូងថ្ម Diaoshuidong ក្រោយការលេចធ្លាយ ឧស្ម័នកាបូនម៉ូណូអុកស៊ីត ច្រើនលើសលប់ពេក ជាហេតុធ្វើឱ្យអ្នកទាំងនេះពុលរហូតដល់បាត់បង់ជីវិតតែម្ដង។ អ្នកនៅរស់រាន្តមានជីវិតម្នាក់ ត្រូវបានជួយសង្រ្គោះ រីឯប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើង ដើម្បីតាមរកអ្នកបាត់ខ្លួន។
ឧបទ្ទវហេតុខាងលើកើតឡើងកាលពីម៉ោង៥ល្ងាច ថ្ងៃសុក្រម្សិលមិញ នៅឯអណ្ដូងរ៉ែធ្យូងថ្ម Diaoshuidong ដែលត្រូវបានបិទអស់ជាង២ខែមកនេះ ហើយវាកើតឡើង ចំពេលកម្មករជាច្រើននាក់ កំពុងរុះរើបរិក្ខានៅក្រោមអណ្ដូងរ៉ែ។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះ មូលហេតុពិតប្រាកដមិនទាន់មានការបញ្ជាក់នៅឡើយទេ ស្របពេលការស៊ើប អង្កេតមួយកំពុងធ្វើឡើង។
គួរបញ្ជាក់ថា គ្រោះថ្នាក់នៅអណ្ដូងរ៉ែ តែងតែកើតឡើងជារឿយៗក្នុងប្រទេសចិន ដោយកាលពីខែកញ្ញាកន្លងទៅ កម្មករអណ្ដូងរ៉ែជាច្រើននាក់ក៏ធ្លាប់បានជាប់នៅក្រោម អណ្ដូងរ៉ែ Songzao ក្នុងទីក្រុង Chongqing ផងដែរ។ គ្រោះថ្នាក់នេះបានបង្កឱ្យមនុស្ស ១៦នាក់បានស្លាប់៕