(ព្រុចសែល)៖ សហភាពអឺរ៉ុបនៅមិនទាន់អាចបញ្ចុះបញ្ចូល បណ្ដាប្រទេសអឺរ៉ុបមួយចំនួន ឱ្យគាំទ្រកិច្ចព្រមព្រៀងរួមគ្នាមួយ ស្ដីពីការប្រែប្រួលអាកាសធាតុនៅឡើយទេ ខណៈ ប្លុកលោកខាងលិចមួយនេះ មានគោលដៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង នៅដំណាច់ឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។
សហភាពអឺរ៉ុបបានសន្យាថា ខ្លួននឹងចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះការបញ្ចេញឧស្ម័នពុល ឬឧស្ម័នផ្ទះកញ្ចក់ទៅបរិយាកាស ក្នុងឆ្នាំ២០២០នេះ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបាន អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ចាត់ទុកថា ពិតជាមានសារៈសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង បញ្ជៀសគ្រោះមហន្តរាយនានា បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
សហភាពអឺរ៉ុបដែលមានសមាជិកសរុប ២៧ប្រទេស ដែលជាក្រុមអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក មានបំណងអនុម័តឱ្យបាននូវ គោលបំណងថ្មីខាងលើរបស់ខ្លួន នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១០ និងទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។
ក៏ប៉ុន្តែ មហិច្ឆិតានេះហាក់ដូចជាមិនសូវមានភាពរឹងមាំឡើយ ដោយប្រទេសអឺរ៉ុបខាងកើត ដូចជាប៉ូឡូញ និងហុងគ្រី បានព្រមានថាពួកគេនឹងបោះឆ្នោតវេតូ កញ្ចប់ថវិកាថ្មី នៃសហភាពអឺរ៉ុប ដែលអាចនឹងបង្កកថវិកាដែលប្រទេសទាំង២ និងបណ្ដាប្រទេសអឺរ៉ុបដៃ ធ្លាប់និយាយថាពួកគេត្រូវការជាចាំបាច់ដើម្បីទប់ស្កាត់ការបញ្ចញ ឧស្ម័នផ្ទះកញ្ចក់។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មាន Reuters កិច្ចព្រមព្រៀងស្ដីពីអាកាសធាតុរបស់សហភាពអឺរ៉ុប នឹងតម្រូវឱ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ ចូលរួមចំណែកកាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានយ៉ាងហោច ៥៥ភាគរយ នៅឆ្នាំ២០៣០ ខណៈគោលដៅបច្ចុប្បន្នរបស់សហភាពអឺរ៉ុបគឺ ៤០ភាគរយ៕