(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យដកកងទ័ពអាមេរិក មួយភាគធំចេញពីប្រទេសសូម៉ាលី នៅត្រឹមដើមឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មន្ទីរបញ្ចកោណបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ត្រាំ គឺជាការផ្លាស់ទីតាំងឈរជើងរបស់កងទ័ពអាមេរិក ជាជាងផ្លាស់ប្ដូរគោលនយោបាយ។ ពោលគឺកងទ័ពអាមេរិកមួយចំនួនដែលនៅសល់ នឹងត្រូវបញ្ជូនចេញពីសូម៉ាលី ទៅកាន់ប្រទេសក្បែរខាង ក្នុងគោលដៅសម្រួលដល់ប្រតិបត្តិការ របស់កងទ័ពអាមេរិក និងកងទ័ពនៃប្រទេសជាដៃគូ ដើម្បីបន្តយុទ្ធនាការប្រឆាំងក្រុមប្រដាប់អាវុធជ្រុលនិយម និងក្រុមភេរវករក្នុងប្រទេសសូម៉ាលី។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយកងទ័ព៧០០នាក់ ក្នុងប្រទេសសូម៉ាលី ដើម្បីជួយអាជ្ញាធរនៃប្រទេសមួយនេះ ប្រឆាំងនឹងក្រុម al-Shabaab ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាក្រុមភេរវករមានសម្ព័ន្ធភាពជាមួយក្រុមអាល់កៃដា។ ការដកកងទ័ពអាមេរិកពីបរទេស គឺជាការពាក្យសន្យារបស់លោក ត្រាំ តាំងតែពីពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦មកម្លេះ ដោយក្រៅពីសូម៉ាលី លោក ត្រាំ ក៏បានបញ្ជាឱ្យដកកងទ័ពអាមេរិកចេញពី អ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន នៅត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ផងដែរ៕