(ឡុងដ៍)៖ ក្រុមហ៊ុនឱសថអាមេរិក Moderna នឹងអាចផលិតបានវ៉ាក់សាំង COVID-19 របស់ខ្លួន ៥០០លានដូសក្នុងឆ្នាំ២០២១ខាងមុខ។ នេះបើតាមសម្តីរបស់ CEO ក្រុមហ៊ុន Moderna លោក ស្ទេហ្វាន បង់សែល (Stéphane Bancel) ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។
ក្រុមហ៊ុន Moderna បានដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបន្ទាប់ពីលទ្ធផលបឋម នៃការធ្វើតេស្ដដំណាក់កាលចុងក្រោយបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩៤.១ភាគរយ ដោយមិនមានការព្រួយបារម្ភ អំពីបញ្ហាសុវត្ថិភាពឡើយ។
នៅក្នុងសន្និសីទវិនិយោគ ណាសដេក (Nasdaq) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Moderna លោក ស្ទេហ្វាន បង់សែល បានបញ្ជាក់ដូច្នេះថា «ខ្ញុំមានជំនឿថា យើងអាចនឹងផលិតបានវ៉ាក់សាំង COVID-19 ចំនួន ៥០០លានដូសក្នុងឆ្នាំ២០២១»។ លោក បង់សែល បានបន្ថែមទៀតថា ក្រុមហ៊ុននឹងបន្តរក្សាតម្លៃខ្ពស់ ក្នុងការលក់វ៉ាក់សាំងរបស់ខ្លួនដដែល ដោយមានដូសមានតម្លៃ ៣៧ដុល្លារបើទោះជាមានការរំពឹងថា វានឹងធ្លាក់ថ្លៃមកនៅត្រឹម ២៥ដុល្លារក្នុងមួយដូសក៏ដោយ។
គួរបញ្ជាក់ថា ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៧ ខែធ្នូនេះ ដើម្បីពិភាក្សាពីសំណើស្នើសុំការអនុញ្ញាត ឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់នៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna។ Moderna កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏បានឱ្យដឹងដែរថា ខ្លួនអាចនឹងផលិតបានវ៉ាក់សាំង ១២៥លានដូស នៅត្រីមាសដំបូងក្នុងឆ្នាំ២០២១ខាងមុខ៕