(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ខ្យល់បក់ខ្លាំងរុញច្រានអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅ ចេញពីភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ខំឱ្យប្រជាជនក្នុងតំបន់ជាច្រើនត្រូវជម្លៀសខ្លួនពី ផ្ទះសម្បែងរបស់ពួកគេ ខណៈភ្លើងឆេះព្រៃនៅតែបន្តរីករាលដាល ដោយបានកាត់ផ្ដាច់ចរន្តអគ្គិសនីផងដែរ។
២៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូដឺនណា (Moderna) បានប្រកាសថា ខ្លួនគ្រោងនឹងអភិវឌ្ឍវ៉ាក់សាំង COVID-19 របស់ខ្លួនឲ្យបានចន្លោះពី ១០០-១២៥លានដូស នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ខាងមុខ។
៣៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃសុក្រនេះបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងជួយពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិក នៅចំពោះមុខការបំភិតបំភ័យ មិនចេះចប់ពីប្រទេសចិន។
៤៖ មន្រ្តីស៊ើបការណ៍សម្ងាត់កំពូលម្នាក់ របស់សហរដ្ឋអាមេរិក បានចាត់ទុកប្រទេសចិនថា ជាការគំរាមកំហែងដ៏ធំបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាពទូទាំង ពិភពលោក ដែលមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២។
៥៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) និងលោក បៀល គ្លីនតុន (Bill Clinton) រួមទាំងប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន បានស្ម័គ្រចិត្តទទួលយកការចាក់ «វ៉ាក់សាំងប្រឆាំងជំងឺ COVID-19» ប្រសិនបើវាអាចជួយលើកកម្ពស់ ទំនុកចិត្តជូនដល់សាធារណជន។
៦៖ អ៉ីរ៉ង់បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ១លានករណីហើយ ខណៈអាជ្ញាធររបស់ខ្លួនកំពុងពិចារណា បន្ធូរបន្ថយការរឹតត្បិត នៅក្នុងផ្នែកជាច្រើននៃប្រទេស ដែលកំពុងរងគ្រោះដោយជំងឺ COVID-19 ខ្លាំងជាងគេបំផុតនៅមជ្ឈិមបូព៌ានេះ៕