(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូដឺនណា (Moderna) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសថា ខ្លួនគ្រោងនឹងអភិវឌ្ឍវ៉ាក់សាំង COVID-19 របស់ខ្លួនឲ្យបានចន្លោះពី ១០០-១២៥លានដូសនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ដែលមានមូលដ្ឋាននៅទីក្រុងខេមប្រ៊ីជ (Cambridge) នៃរដ្ឋម៉ាស្សាឈូសេត (Massachusetts) របស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំង COVID-19 ចន្លោះ៨៥-១០០លានដូស នឹងត្រូវចែកចាយនៅសហរដ្ឋអាមេរិក ហើយប្រទេសដទៃទៀតនៅលើពិភពលោកអាចទទួលបាន១៥ -២៥លានដូសដែលនៅសល់។ ក្រុមហ៊ុន Moderna បានគូសបញ្ជាក់បន្ថែមថា ខ្លួនរំពឹងនឹងអាចអភិវឌ្ឍវ៉ាក់សាំង COVID-19 បានចំនួន២០លានដូស នៅសហរដ្ឋអាមេរិកនៅត្រឹមចុងឆ្នាំ២០២០នេះ។
ក្រុមហ៊ុន Moderna បាននិងកំពុងធ្វើការលើបណ្តាញផ្គត់ផ្គង់និងផលិតកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ ក្នុងការត្រៀមលក្ខណៈសម្រាប់ការអនុញ្ញាតឲ្យចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំង COVID-19 ពីសំណាក់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថអាមេរិក (FDA) ក្នុងពេលឆាប់ៗខាងមុខ។
ក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិកធ្លាប់បាននិយាយថា ពួកគេគ្រោងនឹងចែកចាយវ៉ាក់សាំង COVID-19 ចំនួន ៤០លានដូសនៅត្រឹមដំណាច់ឆ្នាំនេះ ក្នុងនោះគិតទាំងវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិកនិងអាល្លឺម៉ង់ Pfizer-BioNTech ផងដែរ។ នោះមានន័យថា ប្រជាជន២០លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងនៅចុងឆ្នាំ២០២០នេះ ដោយមនុស្សម្នាក់ៗត្រូវការចាក់វ៉ាក់សាំងចំនួនពីរដូស។
គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នឹងត្រូវពិនិត្យវាយតម្លៃដោយគណៈកម្មាធិការប្រឹក្សារបស់ FDA នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ខណៈការសម្រេចលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech នឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេសទើបតែបានអនុញ្ញាតចំពោះការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ Pfizer-BioNTech៕