(ដាណឺម៉ាក)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនកំពុងពិចារណាដាក់ចេញនូវគម្រោងបង្កើតវិញ្ញាបនបត្រអេឡិចត្រូនិច សម្រាប់សម្គាល់បុគ្គលដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ខណៈក្តីសង្ឃឹមដើម្បីលុបបំបាត់ជំងឺរាតត្បាតសកលនេះ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេ ដែលបានអនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
អ្នកជំនាញរបស់ WHO ប្រចាំទ្វីបអឺរ៉ុបលោក ស៉ីដដាតថា ដាតតា (Siddhartha Datta) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតាមប្រព័ន្ធអនឡាញយ៉ាងដូច្នេះថា «យើងកំពុងពិនិត្យមើលពីលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងជំងឺ COVID-19 ហើយមួយក្នុងនោះ គឺកិច្ចសហការជាមួយរដ្ឋសមាជិកដើម្បីឆ្ពោះទៅរកអ្វីដែលយើងហៅថា ជាវិញ្ញាបនបត្រចាក់វ៉ាក់សាំងបែបអេឡិចត្រូនិច (e-vaccination certificate)»។
លោក Datta បានបន្តទៀតថា ការដាក់ចេញនូវវិញ្ញាបនបត្រប្រភេទនេះ នឹងផ្តល់លទ្ធភាពក្នុងការកំណត់អត្តសញ្ញាណនិងតាមដាន អ្នកដែលបានចាក់វ៉ាក់សាំងរួច ប៉ុន្តែវាមិនទាន់ឈានដល់សេចក្តីសម្រេចចុងក្រោយនៅឡើយទេ ហើយវាក៏នឹងត្រូវអនុវត្តដោយស្របតាមច្បាប់របស់រដ្ឋជាសមាជិកនីមួយៗផងដែរ។
យ៉ាងណាមិញ វិញ្ញាបនបត្រប្រភេទនេះ មិនមែនជាលិខិតឆ្លងដែន immunity passport ដែលជាគំនិតនៃការផ្តល់ការធានាថា អ្នកកាន់លិខិតឆ្លងដែនបែបនេះ គឺមានការពារប្រឆាំងនឹងជំងឺ COVID-19 ដោយសារតែពួកគេបានឆ្លង និងជាសះស្បើយឡើងវិញ ហើយមានអង់ទីករការពារ។ ពាក់ព័ន្ធនឹងគំនិតនៃលិខិតឆ្លងដែន immunity passport លោកស្រី Catherine Smallwood ដែលមន្ត្រីជាន់ខ្ពស់របស់ WHO ប្រចាំទ្វីបអឺរ៉ុបម្នាក់ទៀត បានបញ្ជាក់ដែរថា «យើងមិនណែនាំឲ្យមានការប្រើប្រាស់លិខិតឆ្លងដែនបែបនេះឡើយ។
គួរបញ្ជាក់ថា ប្រទេសបច្ចេកវិទ្យាខ្ពស់ដូចជាអេស្តូនី កាលពីដើមឆ្នាំនេះ បានចាប់ផ្តើមសាកល្បងកម្មវិធីមួយ ដែលអាចប្រើជាប្រភេទលិខិតឆ្លងដែន immunity passport បែបឌីជីថល ដោយវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដែលមានអង់ទីករប្រឆាំងជំងឺ COVID-19 អាចបង្ហាញដល់និយោជក និងអ្នកដទៃទៀតថា ពួកគេមានហានិភ័យទាបក្នុងការចម្លងវីរុសនេះ។
ដោយឡែក កាលពីថ្ងៃពុធសប្តាហ៍នេះចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេដែលបានប្រកាសអនុញ្ញាតឲ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer-BioNTech ខណៈដែលអាជ្ញាធរនិយតករឪសថរបស់សហភាពអឺរ៉ុប នឹងចេញសេចក្តីប្រកាសចុងក្រោយរបស់ខ្លួនជុំវិញ ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ៕