(វៀងច័ន្ទ)៖ នាយករដ្ឋមន្ត្រីឡាវ លោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) បានគូសបញ្ជាក់ពីភាពចាំបាច់ សម្រាប់កិច្ចសហប្រតិបត្តិការជាសកល ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ហើយផ្គត់ផ្គង់ក្នុងតម្លៃដ៏សមរម្យមួយ កំឡុងការថ្លែងសុន្ទរកថា ទៅកាន់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសុន្ទរកថាទៅកាន់ សម័យប្រជុំពិសេសនៃមហាសន្និបាត UN ស្ដីពី COVID-19 នៅក្នុងសប្តាហ៍នេះ លោក Thongloun ក៏បានអំពាវនាវ ផងដែរឱ្យសហគមន៍អន្តរជាតិទាំងមូល គាំទ្រដល់កម្មវិធី COVAX ដែលជាគំនិតផ្ដួចផ្ដើម ក្រោមគោលបំណងធានាឱ្យបាននូវ ការទទួលបានវ៉ាក់សាំងប្រកបដោយតម្លភាព។ លោកនាយករដ្ឋមន្ត្រីឡាវ បានសង្កត់ធ្ងន់បន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកបានដាក់ចេញ នូវវិធានការរឹតត្បិតជាច្រើនដើម្បីបង្ការ និងគ្រប់គ្រង ទើបធ្វើឱ្យឡាវអាចគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 បានដូចពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers មកទល់នឹងថ្ងៃសុក្រសប្ដាហ៍នេះ ឡាវមានករណីឆ្លង COVID-19 តែ ៣៩ករណីប៉ុណ្ណោះ ក្នុងនោះជាសះស្បើយឡើងវិញ ២៦នាក់ និងគ្មានអ្នកស្លាប់ឡើយ។ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ឡាវគឺជាប្រទេសដែលមានករណីឆ្លង COVID-19 តិចជាងគេបំផុត៕