(ហូណូលូលូ)៖ អាជ្ញាធរអាមេរិកបានរាយការណ៍ឲ្យដឹងថា ប្តីប្រពន្ធមួយគូត្រូវបានឃាត់ខ្លួន នៅឯអាកាសយានដ្ឋានហាវ៉ៃ (Hawaii) បន្ទាប់ពីបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បើទោះបីជាពួកគេបានធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» ចំពោះ COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី ០៤ ខែធ្នូ ឆ្នាំ២០២០។
នាយកដ្ឋានប៉ូលិសកោះ កូអៃ (Kauai) នៃរដ្ឋហាវ៉ៃ បានគូសបញ្ជាក់ថា លោក វីស្លេយ ម៉ូរីប (Wesley Moribe) អាយុ ៤១ឆ្នាំ និងលោកស្រី ឃើតនី ភីធើសុខ (Courtney Peterson) អាយុ ៤៦ឆ្នាំ បានធ្វើដំណើរតាមជើងហោះហើរមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ឆ្ពោះទៅកាន់អាកាសយានដ្ឋាន លីហឺ (Lihue) ជាមួយក្មេងអាយុ ០៤ឆ្នាំម្នាក់ បន្ទាប់ពីបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះ COVID-19 ស្របពេលត្រឡប់មកពីធ្វើដំណើរអន្តរជាតិវិញ ដោយបានឆ្លងកាត់រវាងទីក្រុងស៊ីតថល (Seattle), ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វ័រញ៉ា។
ប៉ូលិសបានគូសបញ្ជាក់បន្ថែមថា ប្តីប្រពន្ធមួយគូនេះ បានធ្វើតេស្តរក COVID-19 នៅទីក្រុង Seattle បន្ទាប់ពីបានធ្វើដំណើរមកពីបរទេស ហើយក៏ក្រោយមកពួកគេបានទទួលលទ្ធផលតេស្ត «វិជ្ជមាន COVID-19» ពេលកំពុងធ្វើដំណើរពី Seattle ទៅទីក្រុង San Francisco។ តាមពិតទៅទាំងពីរនាក់ប្តីប្រពន្ធនេះ ត្រូវតម្រូវឲ្យឈប់សំចតនៅ San Francisco ដើម្បីធ្វើចត្តាឡីស័ក និងព្យាបាល ប៉ុន្តែពួកគេបែរជាអាចបន្តដំណើរ មកកាន់កោះហាវ៉ៃទៅវិញ ដែលជាហេតុធ្វើឲ្យមន្ត្រីមានសមត្ថកិច្ច រួសរាន់ទៅឃាត់ខ្លួនពួកគេតែម្តង ពេលមកដល់ព្រលានយន្តហោះហាវ៉ៃ។
គួរបញ្ជាក់ថា លោក Moribe និងលោកស្រី Peterson ដែលជាអ្នកស្រុកនៅលើកោះ Kauai នៃរដ្ឋហាវ៉ៃ ត្រូវបានដោះលែងឲ្យទៅទទួលការព្យាបាលដាច់ដោយឡែក បន្ទាប់ពីបានបង់ប្រាក់ធានាចំនួន ១,០០០ដុល្លារអាមេរិក។ បន្ថែមពីនេះ កូនក្មេងអាយុ ០៤ឆ្នាំនោះ ក៏ត្រូវបានដោះលែង ឲ្យទៅទទួលការថែទាំ និងព្យាបាលផងដែរ៕