(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់ដោយមិនបញ្ចេញឈ្មោះប្រទេសមួយចំនួន ដែលបានបដិសេធទទួលស្គាល់ការពិត ពាក់ព័ន្ធនឹង COVID-19 ហើយមិនខ្វល់ពីការណែនាំ ឬយោបល់ពីអង្គការសុខភាពពិភពលោក WHO។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
លោក Guterres ធ្វើការកត់សម្គាល់បែបនេះ កំឡុងថ្លែងសុន្ទរកថា ទៅកាន់កិច្ចប្រជុំពិសេសមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះស្ដីពី COVID-19 ដែលបានឆ្លងរាលដាលដំបូងគេ ក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ២០១៩ និងបានចម្លងដល់មនុស្សជិត ៦៥លាននាក់ ក្នុងនោះស្លាប់ជិត ១.៥លាននាក់ នៅទូទាំងពិភពលោក។ នៅក្នុងសុន្ទរកថាដដែល ប្រមុខ UN រូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «ចាប់ពីពេលចាប់ផ្ដើម អង្គការសុខភាពពិភពលោក WHO បានផ្ដល់ព័ត៌មានពិត និងការណែនាំបែបវិទ្យាសាស្ត្រ ដែលជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការឆ្លើយតបជាសកល»។
លោកបន្ថែមថា តែជាអកុសល មានអនុសាសន៍ជាច្រើន មិនត្រូវបានអនុវត្តតាមឡើយ។ នៅក្នុងស្ថានភាពខ្លះ ថែមទាំងមានការមិនទទួលស្គាល់ការពិត ដោយមិនខ្វល់ ពីការណែនាំទៀតផង។
គួរបញ្ជាក់ថា លោក Antonio Guterres មិនបានបញ្ជាក់ឈ្មោះថាប្រទេសណាខ្លះ ដែលបដិសេធទទួលស្គាល់ការពិតពាក់ព័ន្ធនឹង COVID-19 ហើយមិនខ្វល់ពីការណែនាំ ឬយោបល់ពីអង្គការ WHO ឡើយ។ ក៏ប៉ុន្តែ ការអត្ថាធិប្បាយនេះ ធ្វើឡើងចំពេលរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងមានទំនាក់ទំនងមិនល្អ ជាមួយ WHO។ លោក ត្រាំ បានរិះគន់ជារឿយៗចំពោះចំណាត់ការរបស់ WHO លើការដោះស្រាយវិបត្តិ COVID-19 ហើយថែមទាំងធ្លាប់ចោទត្រង់ៗថា អង្គការមួយនេះជា «អាយ៉ង» របស់ចិន ហើយមិនតែប៉ុណ្ណោះលោកក៏បានប្រកាសផ្ដាច់ទំនាក់ទំនង និងផ្ដាច់ជំនួយហិរញ្ញវត្ថុដល់ WHO ទៀតផង៕