(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ១លានករណីហើយ ខណៈអាជ្ញាធររបស់ខ្លួនកំពុងពិចារណា បន្ធូរបន្ថយការរឹតត្បិត នៅក្នុងផ្នែកជាច្រើននៃប្រទេស ដែលកំពុងរងគ្រោះដោយជំងឺ COVID-19 ខ្លាំងជាងគេបំផុតនៅមជ្ឈិមបូព៌ានេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រទេសអ៊ីរ៉ង់បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១៣,៩២២ករណីបន្ថែមទៀត ដែលបានធ្វើឲ្យករណីឆ្លងសរុប នៅទូទាំងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះ កើនឡើងដល់ ១,០០៣,៤៩៤ករណី។
ក្រៅពីចំនួនករណីឆ្លងថ្មីៗ ដែលបាននិងកំពុងកើនឡើងយ៉ាងគំហុក ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏ត្រូវបានកត់ត្រា ៣៥៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដូចគ្នា ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៤៩,៣៤៨នាក់ ខណៈអ្នកជាសះស្បើយវិញ សរុបមានចំនួន ៦៩៩,៣១៥នាក់។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ហាក់បីដូចជាបានធូរស្រាលបន្តិច ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីបានកើនឡើងជាមធ្យមជាង ៤០០នាក់ក្នុងមួយថ្ងៃ កាលពីអំឡុងខែវិច្ឆិកាកន្លងទៅនេះ។ ជំងឺ Covid-19 បានលេចមុខចេញជាលើកដំបូង នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ក្រោយអាជ្ញាធរអ៊ីរ៉ង់បានអះអាងពី ការស្លាប់របស់មនុស្សវ័យចំណាស់ ០២នាក់ដំបូងនៅទីក្រុងកុម (Qom) នៃភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់៕