(វ៉ាស៊ីនតោន)៖ ប្រេសិតពិសេសអាមេរិកទទួលបន្ទុក កិច្ចការវេណេស៊ុយអេឡា លោក អ៊ែលលីយ៉ូត អាប្រាមស៍ (Elliott Abrams) បានជំរុញឱ្យអនាគតរដ្ឋបាលថ្មី នៃប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ប្រើប្រាស់ការដាក់ទណ្ឌកម្មជាអំណាច ដើម្បីបណ្ដេញប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង ដោយមិនត្រូវបន្ធូរដៃ ឬផ្ដល់សម្បទានណាមួយឡើយ។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
លោក Elliott Abrams ដែលជាប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡា និងអ៉ីរ៉ង់ផងនោះ ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Elliott បានឱ្យដឹងថា ទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានឯកភាពគ្នាលើការបន្តរក្សា ការដាក់សម្ពាធលើលោក ម៉ាឌូរ៉ូ ហើយលោកផ្ទាល់មិនរំពឹងឡើយថា នឹងមានការផ្លាស់ប្ដូរជាដុំកំភួនណាមួយ នៃនយោបាយអាមេរិក ចំពោះវេណេស៊ុយអេឡា នៅពេលលោក ចូ បៃដិន ស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នោះឡើយ។
ទោះជាបែបនេះក្តី លោក Elliott នៅតែមានការព្រួយបារម្ភដដែល ដោយខ្លាចក្រែងរដ្ឋបាលថ្មីរបស់លោក បៃដិន យុទ្ធសាស្ត្រទន់ភ្លន់មួយចំនួនលើលោក ម៉ាឌូរ៉ូ ដូច្នេះហើយទើប លោកជំរុញឱ្យអនាគតរដ្ឋបាលថ្មី នៃប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បន្តរក្សាការដាក់ទណ្ឌកម្មជាអតិបរមា និងមិនគួរផ្ដល់សម្បទានណាមួយនោះទេ។
គួរបញ្ជាក់ថា អ្នកនាំពាក្យរបស់លោក បៃដិន មិនបានធ្វើការអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Elliott ឡើយ ខណៈលោក បៃដិន ត្រូវបានគេរំពឹងថា នឹងកែប្រែគោលនយោបាយមួយចំនួនធំ របស់លោក ត្រាំ ជាពិសេសទៅលើនយោបាយការបរទេស។ ទោះបីជារដ្ឋបាលលោក ត្រាំ ដាក់សម្ពាធខ្លាំងប៉ុណ្ណាក៏ដោយ ក៏មកទល់នឹងពេលនេះលោក ម៉ាឌូរ៉ូ នៅតែបន្តកាន់អំណាចដដែល ដោយមានការគំាទ្រពេញទំហឹងពីចិន រុស្ស៊ី គុយបា និងអ៉ីរ៉ង់ ហើយអ្នករងគ្រោះពិតប្រាកដពីទណ្ឌកម្មសេដ្ឋកិច្ចពិតប្រាកដ គឺប្រជាជនស្លូតត្រង់វេណេស៊ុយអេឡាទៅវិញ ដែលកំពុងរស់នៅក្រោមភាពក្រីក្រ៕