(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានទទូចឲ្យពលរដ្ឋអាមេរិកទាំងអស់មិនត្រូវធ្វើដំណើរ នារដូវវិស្សមកាលនេះទេ ខណៈករណីឆ្លងជំងឺ COVID-19 នៅតែបន្តកើនឡើងឥតឈប់ឈរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងកិច្ចសន្ទានតុមូលតាមប្រព័ន្ទ Online ចេញពីទីក្រុងវីលមីងតុន រដ្ឋ Delaware ជាមួយក្រុមកម្មករ និងម្ចាស់អាជីវកម្មខ្នាតតូច ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតសកល COVID-19 លោក បៃដិន បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកមិនអាចធ្វើដំណើរ កំឡុងពេលវិស្សមកាលនេះបានទេ»។ ការកត់សម្គាល់ នេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពិធីបុណ្យ Thankgiving ដែលពលរដ្ឋអាមេរិក រាប់លាននាក់បានធ្វើដំណើរ ហើយប្រហែលជាអាចបន្តក្នុងរយៈពេល ០៣សប្តាហ៍ទៀត មុនថ្ងៃបុណ្យណូអែលជិតឈានចូលមកដល់។
លោក បៃដិន បានបន្ថែមទៀតថា ពិធីបុណ្យណូអែលនាពេលខាងមុខ នឹងកាន់អាក្រក់ជាងនេះទៅទៀត ហើយយើងទំនងជាអាចបាត់បង់ជីវិតមនុស្ស ២៥០,០០០ នាក់បន្ថែមទៀត នៅប៉ុន្មានខែខាងមុខ ដោយសារមនុស្សមួយចំនួនមិនព្រមអនុវត្តតាមវិធានការសុខភាពសាធារណៈទោលតែសោះ។
នៅជុំវិញបញ្ហានេះ លោក Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ក៏បានចេញសេចក្តីព្រមាននៅថ្ងៃដដែលផងដែរ។ នៅក្នុងព្រឹត្តិការណ៍ មួយដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិក លោក Redfield បានគូសបញ្ជាក់ថា៖ «នៅក្នុងខែធ្នូនេះ ខែមករានិងកុម្ភៈ ឆ្នាំ២០២១ ខាងមុខ យើងនឹងប្រឈមនឹង ស្ថានភាពកាន់តែលំបាក ហើយលោកជឿថា វានឹងក្លាយជាពេលវេលាដ៏លំបាកបំផុត នៅក្នុងប្រវត្តិសាស្ត្រសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានកត់ត្រានូវចំនួនអ្នកចូលស្នាក់នៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេសដោយសារជំងឺ COVID-19 រហូតដល់ខ្ទង់សែននាក់ នៅថ្ងៃពុធសប្តាហ៍នេះ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើងដំបូង។ បើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ John Hopkins បានបង្ហាញថា មនុស្សប្រហែលជា ១៤ លាននាក់បានឆ្លងវីរុសកូរ៉ូណាក្នុងនោះមនុស្សច្រើនជាង ២៧៣,០០០ នាក់បានស្លាប់ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ៕