(ស៊ីដនី)៖ និយតករឱសថអូស្រ្តាលី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើតេស្តដំណាក់កាលចុងក្រោយនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ (Pfizer) នឹងបញ្ចប់នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ ដែលប្រទេសនេះនឹងចាប់ផ្ដើមដំណើរការ ចាក់វ៉ាក់សាំងនេះនៅខែមីនា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
ប្រធានរដ្ឋបាលចំណីអាហារ (TGA) របស់ប្រទេសអូស្រ្តាលី លោក ចន ស្កឺរីត (John Skerritt) បានគូសបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ទំនងជានឹងបញ្ចប់ការធ្វើតេស្ត ដំណាក់កាលចុងក្រោយនៅប្រទេសអូស្រ្តាលី «នៅចុងខែមករា ឆ្នាំ២០២១ខាងមុខនេះ»។
វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer នេះ គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ០៤ ដែលប្រទេសអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងទិញ ក្នុងនោះរួមមានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យាអាមេរិក ណូវ៉ាវ៉ាក់ (Novavax), ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី (CSL) ផងដែរ។
បើយោងតាមគេហទំព័រ Worldometer រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២៧,៩៣៩ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៩០៨នាក់ និងជាសះស្បើយចំនួន ២៥,៦១៤នាក់។ អូស្ត្រាលីហាក់មិនសូវប្រញាប់ប្រញាល់ និងត្រូវការកម្មវិធីចាក់វ៉ាក់សាំងបន្ទាន់ឡើយ ដោយសារតែប្រទេសនេះ បាននិងកំពុងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 យ៉ាងល្អ៕