(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានអះអាងថា ការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅត្រូវបានលួចបន្លំ ហើយប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា លោក ចូ បៃដិន មិនអាចក្លាយជាប្រធានាធិបតីឡើយ ប្រសិនបើមានការលួចបន្លំសន្លឹកឆ្នោតមែននោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងវីដេអូមួយបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងពិតជាត្រូវនិយាយថា មានការលួចបន្លំមែននោះ ចូ បៃដិន មិនអាចក្លាយជាប្រធានាធិបតីនោះទេ... យើងធ្លាប់អំពាវនាវឱ្យប្រកាសលទ្ធផល នៅថ្ងៃបោះឆ្នោត។ តែឥលូវ យើងបែរជាមានការបោះឆ្នោតរាប់ថ្ងៃ រាប់សប្ដាហ៍ និងរាប់ខែ ហើយមានរឿងអាក្រក់ៗជាច្រើនបានកើតឡើង កំឡុងពេលវេលាដ៏អស់សំណើចនេះ»។
គួរបញ្ជាក់ថា ចំពោះលោក ដូណាល់ ត្រាំ ផ្ទាល់រហូតមកទល់នឹងពេលនេះ នៅតែមិនទាន់ទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន នោះទេ ដោយលោកនៅតែប្រកាន់ជំហរថា ការបោះឆ្នោតត្រូវបានលួចបន្លំ។ ទោះជាយ៉ាងនេះក្តី ទាំងក្រុមមន្ត្រីបោះឆ្នោត និងក្រសួងយុត្តិធម៌អាមេរិក សុទ្ធតែបានបញ្ជាក់ដូចៗគ្នាថា ពួកគេរកមិនបានឃើញថា មានភស្ដុតាងអំពីការលួចបន្លំសន្លឹកឆ្នោតនោះឡើយ។ ដូច្នេះគេមានតែរង់ចាំមើលរហូតដល់ថ្ងៃទី១៤ ខែធ្នូនេះ ដែលជាពេលអង្គបោះឆ្នោតទាំងអស់ ត្រូវបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកជាផ្លូវការ៕