(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានឈានដល់ កិច្ចព្រមព្រៀងមួយដើម្បីទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ខណៈករណីឆ្លងនៅក្នុងប្រទេស កំពុងស្ទុះឡើងខ្លាំងជាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏ធ្លាប់ឱ្យបានឱ្យដឹងដែរថា ខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃការកិច្ចចរចាទិញវ៉ាក់សាំង ពីក្រុមហ៊ុនធំៗជាច្រើន ក្នុងនោះរួមមានក្រុមហ៊ុន AstraZeneca, Pfizer និងក្រុមហ៊ុន Johnson & Johnson ហើយក៏បានចាប់ផ្ដើមនីតិវិធីត្រួតពិនិត្យបឋម លើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca កាលពីខែតុលាកន្លងទៅនេះផងដែរ។
បើតាមសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានចុះកិច្ចសន្យាមួយជាមួយក្រុមហ៊ុន AstraZeneca មានមូលដ្ឋានក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ ហើយក៏កាន់តែខិតជិតដល់កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Johnson & Johnson ផងដែរ។
យ៉ុនហាប់បានស្រង់សម្ដីមន្ត្រីកូរ៉េខាងត្បូងម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «កិច្ចព្រមព្រៀងជាមួយ AstraZeneca បានសម្រេចរួចរាល់ហើយ ហើយអនុស្សរណៈយោគយល់មួយ បានព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Johnson & Johnson។ ប៉ុន្តែកិច្ចចរចាបន្ទាប់ គឺនៅត្រូវចាំបាច់ជជែកគ្នាពីចំនួនវ៉ាក់សាំង ដែលនឹងត្រូវផ្គត់ផ្គង់ និងពេលវេលាក្នុងការដឹកជញ្ជូន»។
គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចនឹងប្រកាសពី កិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca នៅសប្ដាហ៍ក្រោយ បន្ទាប់ពីបញ្ចប់កិច្ចចរចាទាំងស្រុង ជាមួយក្រុមហ៊ុនផ្សេងៗទៀត។ ទីក្រុងសេអ៊ូលធ្លាប់បានប្រកាសថា កញ្ចប់ថវិកា ១៥៧លានដុល្លារ ត្រូវបានរៀបចំរួចជាស្រេច សម្រាប់ការទិញវ៉ាក់សាំងដំបូង ៦០លានដូសក្នុងឆ្នាំ២០២០នេះ ខណៈបច្ចុប្បន្នកូរ៉េខាងត្បូងមានអ្នកឆ្លង COVID-19 សរុប ៣៥,៧០៣ករណី ក្នុងនោះស្លាប់ ៥២៩នាក់ និងជាសះស្បើយឡើងវិញ ២៨,៣៥២នាក់៕