(ប៉េកាំង)៖ រដ្ឋាភិបាលចិននាថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា បេសកកម្មអាងអឺ-៥ (Chang'e 5) បានបញ្ចប់កិច្ចការប្រមូលយកគំរូតាង (កម្ទេចដី-ថ្ម) ពីផ្ទៃព្រះច័ន្ទ និងរក្សាទុកពួកវារួចរាល់អស់ហើយ ដើម្បីនាំយកមកកាន់ផែនដីវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ការងារខាងលើត្រូវសម្រេចបាន បន្ទាប់ពី Chang'e-5 បានចុះចតដល់លើផ្ទៃព្រះច័ន្ទ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ក្នុងបេសកកម្មប្រមូលយកកម្ទេចដី និងថ្មរបស់ព្រះច័ន្ទមកកាន់ភពយើងវិញ ដែលជារឿងដំបូងបំផុត គិតចាប់តាំងពីឆ្នាំ១៩៧៦មក (បេសកកម្មអាប៉ូឡូរបស់អាមេរិក)។
បើតាមទីភ្នាក់ងារអវកាសចិន CNSA ក្រោយពីគំរូតាងត្រូវបានរក្សាទុកជាស្ថាពរហើយនោះ យានប្រភេទ អាស្កេនដឺ (Ascender) នៃបេសកកម្ម Chang'e-5 នឹងនាំយកពួកវាចេញពីលើផ្ទៃព្រះច័ន្ទ ឡើងទៅកាន់គន្លងគោចរជុំវិញព្រះច័ន្ទ ហើយផ្ទេរគំរូតាងនោះទៅកាន់យានប្រភេទជាផ្កាយរណបហៅថា Orbiter ដែលកំពុងរង់ចាំនៅទីនោះ ដើម្បីដឹកនាំវាហោះឆ្ពោះមកកាន់ផែនដី។
គួរបញ្ជាក់ថា បេសកកម្ម Chang'e 5 គឺជាបេសកកម្មទី ៣ ហើយរបស់ចិន ដែលបានចុះចតនៅលើផ្ទៃព្រះច័ន្ទ ហើយវាស្ថិតនៅក្នុងចំណោមបេសកកម្ម ដែលកាន់តែមានមហិច្ឆតាធំឡើងៗ នៃកម្មវិធីអវកាសរបស់មហាយក្សអាស៉ីមួយនេះ។ ទន្ទឹមគ្នាដែរ ចិនក៏មានបេសកកម្មយានអវកាសមួយទៀត ដែលកំពុងឆ្ពោះទៅកាន់ភពអង្គារ (Mars) ហើយចុះចតនៅទីនោះថែមទៀតផង នោះគឺធានវិន-១ (Tianwen-1) ដែលនឹងទៅដល់ភពក្រហមនោះ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១៕