(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅ ២០៣,៤២៧ករណីថ្មីៗទៀតតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ២,៨៣១នាក់ទៀត បានបាត់បង់ជីវិត ដែលនេះនៅតែជាអត្រាឆ្លង និងស្លាប់យ៉ាងច្រើនគំហុក បើធៀបនឹងប្រទេសផ្សេងៗទៀត នៅលើពិភពលោក។ នេះបើតាមការដក ស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៤,៣១៣,៩៤១ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៧៩,៨៦៥នាក់ និងជាសះស្បើយឡើងវិញចំនួនជាង ៨,៤៦២,៣៤៧នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ នឹងកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក នឹងចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 ទៅតាមគោលនយោបាយរបស់លោក បន្ទាប់ពីការស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ បន្ថែមពីនេះការអនុម័តឲ្យចាក់វ៉ាក់សាំង COVID-19 បន្ទាន់អាចនឹង ត្រូវធ្វើឡើង នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ពោលគឺនៅមុនថ្ងៃបុណ្យណូអែល បន្ទាប់ពីទទួលបានការអនុម័តពីទីភ្នាក់ងារឱសថ និងចំណីអាហារអាមេរិក (FDA)។
FDA គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១០ និងនៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ដើម្បីសម្រេចថាតើត្រូវអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna ដែរឬក៏យ៉ាងណា។ សហរដ្ឋអាមេរិកក៏សង្ឃឹមដែរថា ក្រោយការអនុម័តនេះ ខ្លួនអាចនឹងចាក់វាក់សាំង COVID-19 ជូនដល់ប្រជាជនអាមេរិកយ៉ាងហោច ១០០លាននាក់ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ៕