(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំង លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង (Valery Giscard d'Estaing) ដែលបានដឹកនាំប្រទេសរបស់ខ្លួន ចូលទៅក្នុងយុគសម័យទំនើបថ្មីមួយ ដោយដើរលើមាគ៌ាគាំទ្រអឺរ៉ុប បានទទួលមរណភាពហើយកាលពីយប់ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយសារតែជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
លោក Giscard ដែលបានទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែបញ្ហាបេះដូង និងផលវិបាកនៃ COVID-19 បានទទួលមរណភាពនៅផ្ទះរបស់លោក នៅតំបន់ ឡូវ៉ា (Loire) ប្រទេសបារាំង។ លោក Giscard បានបង្ហាញខ្លួនជាសាធារណៈចុងក្រោយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមពិធីបុណ្យសពរបស់ អតីតប្រធានាធិបតីបារាំងម្នាក់ទៀត គឺលោក ហ្សាក ស៊ីរ៉ាក (Jacques Chirac) ដែលធ្លាប់ជានាយករដ្ឋមន្ត្រីរបស់លោក។
គួរបញ្ជាក់ថា លោក Valery Giscard d'Estaing បានក្លាយជាប្រធានាធិបតីក្មេងជាងគេបំផុត នៅប្រទេសបារាំង ដែលចូលកាន់តំណែងនៅអាយុ ៤៨ឆ្នាំ កាលពីឆ្នាំ១៩៧៤ ដោយលោកបានផ្តួលគូប្រជែង គឺលោក ហ្វ្រង់ស្វ័រ មីទែហង់ (Francois Mitterrand) ដែលបានបាត់បង់តំណែងជាប្រធានាធិបតីបារាំង បន្ទាប់ពីកាន់តំណែងអស់រយៈពេល ០៧ឆ្នាំ កាលពីឆ្នាំ១៩៨១៕