(វែលលីងតុន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានប្រកាស «ភាពអាសន្នផ្នែកអាកាសធាតុ» ជាផ្លូវការហើយ ដែលជាសកម្មភាពប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហាកើនឡើងកម្ដៅលើផែនដី និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីន អាដឺន (Jacinda Ardern) បានគូសបញ្ចាក់ថា ការប្រកាសភាពអាសន្នផ្នែកអាកាសធាតុនេះ គឺផ្អែកទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីចៀសវាងការកើនឡើងកម្ដៅលើផែនដីលើសពី ១.៥អង្សាសេ និងការបញ្ចេញឧស្ម័នកាបូនិច ដែលនឹងចាំបាច់ត្រូវធ្លាក់ចុះមកដល់ប្រហែល ៤៥ភាគរយពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៣ និងធ្លាក់ចុះមកដល់ត្រឹមសូន្យនៅឆ្នាំ២០៥០។
លោកស្រី Ardern បានគូសបញ្ជាក់បន្ថែមថា «ការប្រកាសភាពអាសន្នផ្នែកអាកាសធាតុនេះ គឺជាការទទួលស្គាល់សម្រាប់អនាគតមនុស្សជំនាន់ក្រោយ។ វាជាការទទួលស្គាល់នូវបន្ទុក ដែលពួកគេនឹងត្រូវទទួលយក ប្រសិនបើយើងមិនចាត់វិធានការនាពេលឥឡូវនេះទេ»។
គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់បានចូលរួមជាមួយប្រទេសចំនួន ៣២ផ្សេងទៀត ក្នុងនោះរួមមានជប៉ុន កាណាដា បារាំង និងអង់គ្លេសផងដែរ នៅក្នុងការប្រកាសភាពអាសន្ន ផ្នែកអាកាសធាតុនេះ៕