(ហុងកុង)៖ សកម្មជនប្រឆាំងដ៏លេចធ្លោជាងគេនៅទីក្រុងហុងកុងគឺលោក ចូសហ្វ័រ វ៉ុង (Joshua Wong) អាយុ ២៤ឆ្នាំ នៅថ្ងៃពុធនេះត្រូវបានតុលាការហុងកុងសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ខែកន្លះ ជុំវិញតួនាទីរបស់លោកនៅក្នុងការប្រមូលផ្តុំខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង ស្របពេលដែលក្រុមអ្នករិះគន់រដ្ឋាភិបាលបានអះអាងថា ពួកគេកំពុងរងការបង្ក្រាប និងបាត់បង់សេរីភាព ដែលត្រូវបានធានាបន្ទាប់ពីអតីតអាណានិគមអង់គ្លេស ប្រគល់ដល់ទីក្រុងហុងកុងទៅឲ្យប្រទេសចិនវិញ កាលពីឆ្នាំ១៩៩៧ ហើយការចោទប្រកាន់ទាំងនេះ ក៏ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង និងហុងកុងបដិសេធចោលទាំងស្រុងផងដែរ។ លោក Wong ធ្លាប់បានសារភាពថា ខ្លួនពិតជាមានកំហុសក្នុងការរៀបចំ និងញុះញង់ឲ្យមានការធ្វើបាតុកម្មខុសច្បាប់ នៅជិតទីស្នាក់ការប៉ូលិសហុងកុង អំឡុងការធ្វើបាតុកម្មដ៏ហិង្សាកាលពីខែមិថុនា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្រប្រហែលជា ១០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការមុនការប្រកាសសាលក្រម ខណៈក្រុមគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំងមួយក្រុម ក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅនោះផងដែរ និងបានអំពាវនាវឲ្យមានការកាត់ទោសធ្ងន់ធ្ងរជាងនេះ។ ក្រៅពីលោក Wong មិត្តភក្តិរបស់ប៉ុន្មាននាក់ទៀត រួមមានកញ្ញា អេកណែស ឆូវ (Agnes Chow) អាយុ ២៣ឆ្នាំត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១០ខែ និងលោក អ៉ីវ៉ាន ឡាំ (Ivan Lam) អាយុ ២៦ឆ្នាំត្រូវជាប់ ០៧ខែ៕