(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃពុធនេះបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pfizer-BioNTech។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋាភិបាលអង់គ្លេសបានប្រកាសដូច្នេះថា «រដ្ឋាភិបាលនៅថ្ងៃនេះបានទទួលយកអនុសាសន៍ពីសំណាក់ ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឱសថនិងសុខាភិបាល MHRA ដើម្បីផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ហើយវ៉ាក់សាំងនេះនឹងត្រូវចែកចាយនៅទូទាំងចក្រភពអង់គ្លេស ចាប់ពីសប្តាហ៍ក្រោយតទៅ»។
គួរបញ្ជាក់ថា គណៈកម្មាធិការរបស់ចក្រភពអង់គ្លេស ដែលទទួលបន្ទុកលើវ៉ាក់សាំង នឹងត្រូវសម្រេចថាតើ ក្រុមអាទិភាពណាខ្លះ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ដូចជាអ្នកស្នាក់នៅមណ្ឌលថែទាំងជនចាស់ជរា បុគ្គលិកផ្នែកសុខាភិបាល និងមនុស្សចាស់ ក៏ដូចជាជនងាយរងហានិភ័យដទៃទៀត។
កន្លងមកនេះ ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna បានរាយការណ៍ថា លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ក្នុងដំណាក់កាលចុងក្រោយ គឺមានប្រសិទ្ធភាពលើសពី៩០ភាគរយ ដែលជាកម្រិតប្រសិទ្ធភាពដ៏ខ្ពស់មួយ៕