(វ៉ាស៊ីនតោន)៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីផែនការនៃការចាប់ផ្ដើមការចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនអាមេរិក នៅពាក់កណ្ដាលខែធ្នូនេះ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ កើនឡើងខ្ពស់ជាថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។
បើតាមប្រធានទីប្រឹក្សានៃកម្មវិធីវ៉ាក់សាំងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក ម៉ុនសែហ្វ ស្លៅវី (Moncef Slaoui) ប្រជាជនអាមេរិកប្រមាណ២០លាននាក់ នឹងទទួល បានការចាក់វ៉ាក់សាំង COVID-19 នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ហើយប្រជាជនអាមេរិកភាគច្រើន នឹងទទួលបានការចាក់វ៉ាក់សាំងនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២១។ ថ្លែងនៅ ក្នុងព្រឹត្តិការណ៍មួយរៀបចំដោយកាសែតអាមេរិក Washington Post លោក ម៉ុនសែហ្វ បានគូសបញ្ជាក់ដូច្នេះថា៖ «នៅក្នុងរយៈពេល២៤ម៉ោង ឬប្រហែលជា៣៦ ទៅ៤៨ម៉ោង ក្រោយការអនុម័ត វ៉ាក់សាំងអាចនឹងទៅដល់ដៃប្រជាជនអាមេរិក»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ុនសែហ្វ ស្លៅវី ធ្វើឡើងក្នុងថ្ងៃតែមួយ ដែលអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់ជាថ្មីចំនួន ២,៦១១នាក់ ត្រឹមពេលតែមួយថ្ងៃ និងបន្ទាប់ពីរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡិច អាហ្សារ (Alex Azar) ក្នុងសប្ដាហ៍នេះ បានបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅមុនថ្ងៃបុណ្យណូអែល៕