(រ៉ូម)៖ ប្រទេសអ៉ីតាលី បានប្រកាសពីការរកឃើញ COVID-19 ១៩,៣៥០ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស កើនដល់ ១,៦២០,៩០១នាក់។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។
បើតាមគេហទំព័រ Worldometer អ្នកស្លាប់ថ្មីដោយសារ COVID-19 ៧៨៥នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា ធ្វើឱ្យអ្នកស្លាប់សរុបកើន ដល់ ៥៦,៣៦១នាក់ ខណៈ៧៨៤,៥៩៥នាក់ បានជាសះស្បើយឡើងវិញ។ ក៏ប៉ុន្តែ ករណីឆ្លងប្រចាំថ្ងៃ ហាក់ដូចជាមានការធ្លាក់ចុះ បន្ទាប់ពីការដាក់ចេញនូវវិធានការរឹតត្បិត ឡើងវិញ កាលពីដើមខែវិច្ឆិកាកន្លងទៅ ដើម្បីទប់ស្កាត់រលកទី២ COVID-19។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលអ៉ីតាលី លោក Roberto Speranza ត្រូវបានគេរំពឹងថានឹងប្រកាសដាក់ចេញពីផែនការថ្មីមួយស្ដីពីកម្មវិធីថ្នាក់ជាតិនៃការចាក់វ៉ាក់សាំង COVID-19 នៅថ្ងៃពុធ ទី០២ ខែធ្នូនេះ៕