(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចោទប្រកាន់ជាថ្មីចិន ថាបានបំពានកាតព្វកិច្ចរបស់ខ្លួនឯង ក្នុងការអនុវត្តទណ្ឌកម្មអន្តរជាតិប្រឆាំងកូរ៉េខាងជើង ហើយសន្យានឹងផ្ដល់ប្រាក់រង្វាន់ ៥លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណា ពាក់ព័ន្ធនឹងការរំលោភបំពានការដាក់ទណ្ឌកម្ម លើទីក្រុងព្យុងយ៉ាង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។
ថ្លែងបា្រប់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ឧបការីរងនៃរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការ កូរ៉េខាងជើង លោក Alex Wong បានចោទប្រកាន់ចិនត្រង់ៗថា មិនបានប្រឹងប្រែងអនុវត្តការដាក់ទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុង ព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ។ លោក Wong បន្តទៀតថា ចិននៅតែបន្តទទួលយកពលករកូរ៉េខាងជើងយ៉ាងហោច ២០,០០០នាក់ ហើយកាលពីប៉ុន្មានឆ្នាំ កន្លងទៅនេះ សហរដ្ឋអាមេរិក បានសង្កេតឃើញថាកប៉ាល់ជាច្រើន បានដឹកធ្យូងថ្ម និងទំនិញជាប់ទណ្ឌកម្មជាច្រើន ពីកូរ៉េខាងជើងទៅកាន់ប្រទេសចិន ដែលនេះជាទង្វើបំពាន លើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា បើតាមលោក Wong ចិន ក៏បានជួយកូរ៉េខាងជើងផងដែរ ក្នុងការលាងលុយកខ្វក់ដែលបានមកពីការវាយប្រហារព័ត៌មានវិទ្យា ឬ Hack យកទៅផ្គត់ផ្គង់កម្មវិធីអាវុធ នុយក្លេអ៊ែរនៃប្រទេសឯកោបំផុតក្នុងលោកមួយនេះ។ ដូច្នេះ ដើម្បីពង្រឹងការអនុវត្តទណ្ឌកម្មអន្តជាតិ ក្រសួងការបរទេសអាមេរិក បានបង្កើតគេហទំព័រថ្មីមួយដែលអនុញ្ញាតឱ្យ មនុស្សគ្រប់រូប ផ្ដល់ព័ត៌មានទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានលើការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជាថ្នូរនឹងប្រាក់រង្វាន់៥លានដុល្លារ៕