(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅ ១៨២,១៧២ករណីថ្មីៗតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ២,៦១១នាក់ទៀត បានបាត់បង់ជីវិត ដែលនេះនៅតែជាអត្រាឆ្លង និងស្លាប់ខ្ពស់បំផុតដដែល បើធៀបនឹងប្រទេសផ្សេងៗទៀត នៅលើពិភពលោក។ នេះបើតាមការដក ស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៤,១០៨,៤៩០ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៧៦,៩៧៦នាក់ និងជាសះស្បើយឡើងវិញចំនួនជាង ៨,៣៣៣,០១៨នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ នឹងកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក នឹងចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 ទៅតាមគោលនយោបាយរបស់លោក បន្ទាប់ពីការស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ បន្ថែមពីនេះការអនុម័តឲ្យចាក់វ៉ាក់សាំង COVID-19 បន្ទាន់អាចនឹងត្រូវធ្វើឡើង នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ដោយរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡិច អាហ្សារ (Alex Azar) បានបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅមុនថ្ងៃបុណ្យណូអែល៕