(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានរកឃើញថាវីរុសកូរ៉ូណា Sars-Cov-2 ដែលបង្កជំងឺ COVID-19 មានវត្តមាន នៅក្នុងសហរដ្ឋអាមេរិក មុននឹងវាផ្ទុះឡើងនៅក្នុងប្រទេសចិនទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន CDC អាមេរិក បានឱ្យដឹងទៀតថា ការធ្វើតេស្ដលើសំណាកឈាមមួយចំនួន នៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញពីភស្តុតាងនៃវត្តមានអង់ទីករប្រឆាំងនឹង COVID-19។ សំណាកទំាងនេះ ត្រូវបានធ្វើតេស្ដច្រើនជាង២សប្ដាហ៍ មុននឹងមានការទទួលស្គាល់ជាផ្លូវការពីការផ្ទុះឡើង នូវជំងឺ COVID-19 ក្នុងទីក្រុងវូហាន ប្រទេសចិន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងមុនករណីឆ្លងដំបូងត្រូវបានរាយការណ៍ក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។
ជាទូទៅ អង់ទីករ ត្រូវបានផលិតឡើងដោយប្រព័ន្ធភាពសុំានៃមនុស្ស ដើម្បីកំណត់អត្តសញ្ញាណ និងការវាយប្រហារពីវីរុសនៅក្នុងរាងកាយ រួមទាំងកំណត់ពីប្រភេទជាក់លាក់ នៃវីរុស, បាក់តេរី ឬបារ៉ាសិតជាដើម។ ក្រុមអ្នកវិទ្យាសាស្ត្រមកពី CDC អាមេរិក បានគូសបញ្ជាក់នៅក្នុងការសិក្សារបស់ពួកគេដូច្នេះថា៖ «វត្តមាននៃអង់ទីករទាំងនេះ អាច បញ្ជាក់បានថាការចម្លងវីរុស Sars-CoV-2 ប្រហែលជាបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក មុននឹងវីរុសនេះត្រូវបានទទួលស្គាល់ជាផ្លូវការ»។
គួរបញ្ជាក់ថា ក្រៅពីក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក ក្រុមអ្នកវិទ្យាសាស្ត្រអ៉ីតាលី និងបារាំង ក៏ធ្លាប់បាននិយាយដែរថា COVID-19 មានវត្តមាននៅក្នុងប្រទេសរបស់ពួកគេ មុននឹង វាត្រូវបានទទួលស្គាល់ថាផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិន និងមុនពេលវាក្លាយជាជំងឺឆ្លងរាតត្បាតសកលទៅទៀត៕