(ប៉ាកាំង)៖ ក្រុមហ៊ុនអវកាស និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាចិន (CASC) បានប្រកាសឲ្យដឹង នៅថ្ងៃអង្គារនេះថា យាន Chang'e-5 បានចុះចត ដោយជោគជ័យនៅផ្នែកម្ខាងនៃព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ថា បេសកកម្ម Chang'e-5 សំដៅចុះចតនៅតំបន់ភ្នំ រឹមខឺ (Rumker) ស្ថិតនៅភូមិភាគពាយ័ព្យនៃព្រះច័ន្ទ ដែលមានឈ្មោះ អូសិនណឹស ប្រូសែលឡារឹម (Oceanus Procellarum) នៅលើផ្នែកដែរបែរមុខ មករកផែនដីយើងជានិច្ចនោះ។
បេសកកម្មនេះទៀតសោទ គឺជាបេសកកម្មស្រាវជ្រាវនៅលើឋានព្រះច័ន្ទ ដ៏ទំនើបចុងក្រោយបង្អស់របស់ប្រទេសចិន។ ការបាញ់បង្ហោះត្រូវបានពន្យាពេលជាច្រើនដងមកហើយ ការពន្យារពេលចុងក្រោយបង្អស់គឺនៅចុងឆ្នាំ ២០១៩ និងត្រូវអូសបន្លាយរហូតមកដល់ពេលនេះ។ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យាន Chang'e-5 នឹងប្រមូលគំរូតាង (កម្ទេចដី ឬថ្ម) នៅលើផ្ទៃឋានព្រះច័ន្ទ ហើយនាំមកយកកាន់ផែនដីវិញ។
ដោយឡែក បច្ចុប្បន្នបេសកកម្មចិន Chang'e-4 ក៏កំពុងបន្តការសិក្សានៅផ្នែកម្ខាងទៀតនៃព្រះច័ន្ទ ដែលមិនបែរមុខរកផែនដីនោះគឺ Moon Far Side ផងដែរ ដោយវាជាយានដំបូងបំផុតក្នុងលោក ដែលបានចុះចត នៅតំបន់ដ៏ពិបាកទៅដល់បំផុតនោះ៕