(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួនត្រូវការថវិកា ៣៥ពាន់លានដុល្លារអាមេរិកជាចំាបាច់ សម្រាប់កញ្ចប់ជំនួយនៅឆ្នាំ២០២១ខាងមុខ ខណៈវិបត្តិ COVID-19 បាននិងកំពុងបង្ខំឱ្យមនុស្សរាប់រយលាននាក់ ធ្លាក់ចូលទៅក្នុងវិបត្តិនានា ជាពិសេសគឺគ្រោះអត់ឃ្លានតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។
បើតាមអង្គការសហប្រជាជាតិ មនុស្សប្រមាណ ២៣៥លាននាក់ នៅទូទាំងពិភពលោក នឹងត្រូវការជំនួយសង្គ្រោះបន្ទាន់នៅក្នុងឆ្នាំ២០២១ ឬអាចនិយាយម្យ៉ាងទៀតថា នៅឆ្នាំក្រោយនេះ មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣៣នាក់នឹងត្រូវការជំនួយជាបន្ទាន់។
ជាធម្មតាអង្គការសហប្រជាជាតិ និងស្ថាប័នមនុស្សធម៌ដទៃតែងតែចេញផ្សាយ នូវបាយការណ៍ប្រចាំឆ្នាំរបស់ពួកគេស្ដីពី ជម្លោះ, គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុជាដើម ដែលជាមូលហេតុចម្បងៗ បង្កនូវវិបត្តិមនុស្សជាតិ។ ក៏ប៉ុន្តែពេលនេះ អង្គការសហប្រជាជាតិ បែរជាព្រមានដោយផ្ដោតជាសំខាន់ទៅលើ COVID-19 ដែលបានផ្ដាច់ជីវិតច្រើនជាង ១.៤៥លាននាក់ នៅជុំវិញពិភពលោក ព្រមទាំងបង្កឱ្យមនុស្សរាប់លាននាក់ ផ្សេងទៀតបាត់បង់ការងារ។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ប្រទេសដែលត្រូវការជំនួយបន្ទាន់ក្នុងនោះរួមមាន ស៊ីរី, យ៉េមែន, អាហ្វហ្គានីស្ថាន, បួគីណា ហ្វាសូ (Burkina Faso), ស៊ូដង់ខាងត្បូង រួមទាំងប្រទេសមួយចំនួនទៀត ដែលភាគច្រើនក្នុងតំបន់អាហ្វ្រិក៕