(ញូយ៉ក)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានជួបពិភាក្សាជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) អំពីភាពចាំបាច់ដើម្បី «ពង្រឹងភាពជាដៃគូ» ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19 និងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញរួចទៅហើយនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។
ប្រធានាធិបតីអាមេរិកលោក លោក ដូណាល់ ត្រាំ បានទាញសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងពិភពលោក ស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុ កាលពីឆ្នាំ២០១៧ ដោយបានលើកឡើងថា វាជាការបោកបញ្ឆោត ហើយការសម្រេចចិត្តនេះ បានចូលជាធរមានកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាថា នឹងចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ បន្ទាប់ពីលោកចូលកាន់តំណែង ប្រធានាធិបតីអាមេរិកជាផ្លូវការ។
លោក ត្រាំ ក៏បានកាត់បន្ថយថវិកាដល់ អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងបានប្រកាសពីផែនការមួយទៀត សម្រាប់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការនេះ ដែលនឹងត្រូវចូលជាធរមាននៅខែកក្កដា ឆ្នាំ២០២១ខាងមុខនេះផងដែរ និងបានចោទប្រកាន់ WHO អំពីទំនោរទៅរកប្រទេសចិន ស្របពេលជំងឺ COVID-19 កំពុងតែឆ្លងរីករាលដាលលើពិភពលោកទៀតផង។ ប៉ុន្តែលោក បៃដិន បាននិយាយថា លោកនឹងលុបចោលការសម្រេចចិត្តរបស់លោក ត្រាំ។
គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍មួយ បានគូសបញ្ជាក់ឲ្យដឹងថា លោក បៃដិន និងលោក ហ្គូទែរែស ក៏បានពិភាក្សាអំពី «ការដោះស្រាយតម្រូវការផ្នែកមនុស្សធម៌, ការជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព, ការលើកកម្ពស់សន្តិភាព និងសន្តិសុខ, ការដោះស្រាយជម្លោះ, និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ផងដែរ៕