(តេហេរ៉ង់)៖ មន្ត្រីសន្តិសុខកំពូលរបស់អ៉ីរ៉ង់ម្នាក់ បានចោទប្រកាន់អ៉ីស្រាអែលថា ជាអ្នកនៅពីក្រោយការប្រើឧបករណ៍អេឡិចត្រូនិច ដើម្បីធ្វើឃាតបិតាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ពីចម្ងាយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។
លោក អាលលី ហ្សាមខានី (Ali Shamkhani) រដ្ឋលេខាធិការនៃ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៉ីរ៉ង់ បានធ្វើអត្ថាធិប្បាយខាងលើ នៅក្នុងពិធីបុណ្យសពរបស់លោក ម៉ូហ៍សិន ហ្វាគ្រីហ្សាដេហ៍ (Mohsen Fakhrizadeh)។ ទន្ទឹងគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៉ីរ៉ង់ ក៏បានប្តេជ្ញាបន្តការងារ របស់បិតាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់រូបនេះ ឲ្យកាន់តែលឿន និងមានឥទ្ធិពលខ្លាំងជាងមុនទៅទៀត។
ប្រទេសអ៉ីស្រាអែលដែលត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយការធ្វើឃាត អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានបដិសេធម្តងហើយម្តងទៀត ដោយមិនធ្វើអត្ថាធិប្បាយ ជុំវិញការវាយប្រហារនេះឡើយ។
គួរបញ្ជាក់ថា លោក Fakhrizadeh បានដឹកនាំកម្មវិធីមានឈ្មោះថា AMAD ដែលអ៉ីស្រាអែល និងប្រទេសលោកខាងលិចចោទប្រកាន់ថា ជាប្រតិបត្តិការយោធាមួយឈានទៅរក លទ្ធភាពនៃការផលិតអាវុធនុយក្លេអ៊ែរ។ ទោះជាយ៉ាងណា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ធ្លាប់បានបញ្ជាក់ថា រចនាសម្ព័ន្ធកម្មវិធីនេះ ត្រូវបានបិទបញ្ចប់កាលពីឆ្នាំ២០០៣ មកម៉្លេះ។ បន្ថែមពីលើនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានបញ្ជាក់ពីការវាយតម្លៃស្រដៀងគ្នានេះ នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០០៧ ផងដែរ៕