(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បានប្រកាសឲ្យដឹងថា ខ្លួននឹងដាក់ពាក្យស្នើសុំការអនុញ្ញាតជាបន្ទាន់ ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ដើម្បីដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួន នៅថ្ងៃចន្ទនេះ(វេលាម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅយប់ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលថ្មី នៃការតេស្តសាកល្បងបានបង្ហាញថា បេក្ខជនវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាព ៩៤.១% ក្នុងការការពារកុំឆ្លងជំងឺ និងមានប្រសិទ្ធភាព ១០០% ក្នុងប្រឆាំងនឹងអាការៈធ្ងន់ធ្ងរ។
លោក Stéphane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «បើយោងតាមការវិភាគបឋម បានបញ្ជាក់ពីសមត្ថភាពរបស់វ៉ាក់សាំងរបស់យើង ក្នុងការការពារជំងឺ COVID-19 ក្នុងប្រសិទ្ធភាព ៩៤.១% ខណៈសមត្ថភាពក្នុងការការពារពីអាការៈធ្ងន់ធ្ងរបានរហូតដល់ ១០០%។ យើងជឿជាក់ថា វ៉ាក់សាំងរបស់យើងនឹងផ្តល់នូវឧបករណ៍ថ្មី និងមានឥទ្ធិពលមួយដែលអាចផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ន និងជួយការពារពីជំងឺធ្ងន់ធ្ងរ និងការស្លាប់»។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថ Moderna គឺជាក្រុមហ៊ុនទី២ ហើយ ដែលស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ ពី FDA បន្ទាប់ពីក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំការអនុញ្ញាតដូចគ្នា កាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ។ ហើយការប្រកាសនេះទៀតសោតមានន័យថា ប្រជាជនអាមេរិកខ្លះអាចទទួលបានវ៉ាក់សាំងដូសទី១ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ៕