(វ៉ាស៊ីនតោន)៖ សេចក្តីប្រកាសមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងតាំងតែពីខែឧសភាមកម្ល៉េះ អំពីផែនការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺ COVID-19។ នៅចុងឆ្នាំ២០២០នេះ គម្រោងមួយនេះគឺជិតឈានដល់គោលដៅហើយ បើទោះបីជាបេក្ខភាពវ៉ាក់សាំងមួយ ក្នុងចំណោមបេក្ខភាពវ៉ាក់សាំងឈានមុខទាំង ៦ ដែលអាមេរិកកំពុងគាំទ្រនោះ មានបញ្ហាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជិតផុតអាណត្តិនោះ បានពណ៌នាគម្រោងខាងលើនេះថា ជាកិច្ចខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្ត្រ ឧស្សាហកម្ម និងការចែកចាយដ៏ធំបំផុត ដែលយើងទាំងអស់គ្នាមិនធ្លាប់ឃើញ ចាប់តាំងពីគម្រោង មែនហាតធិន (Manhattan Project) សំដៅទៅលើកម្មវិធីរបស់អាមេរិក អំឡុងពេលនៃសង្គ្រាមលោកលើកទី ២ ដើម្បីអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ។
ដំបូងឡើងលោក ត្រាំ ត្រូវបានគេចោទប្រកាន់ថា បានយកចិត្តទុកដាក់តែរឿង សេដ្ឋកិច្ចសហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈដែលជំងឺរាតត្បាត បានរីករាលដាលពាសពេញពិភពលោក ហើយមនុស្សមួយចំនួនបានចាត់ទុកសកម្មភាពរបស់លោក ត្រាំ ថាជាការជំរុញវ៉ាក់សាំងបែបជាតិនិយម។ ០៦ខែក្រោយមក អ្វីដែលលោក ត្រាំ បានហៅថាជា «អព្ភូតហេតុ» គឺជិតបានសម្រេចហើយ ខណៈដែលបេក្ខភាពវ៉ាក់សាំង ដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) មុនទទួលបានការអនុម័តចុងក្រោយ ដែលនឹងអាចប្រព្រឹត្តទៅបន្ទាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
បេក្ខភាពវ៉ាក់សាំងមួយទៀត ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនតូចមួយរបស់អាមេរិក ក៏នឹងអាចទទួលបានការអនុញ្ញាត ឲ្យមានការប្រើប្រាស់ជាបន្ទាន់ ក្នុងពេលឆាប់ៗនេះដែរ។ ទន្ទឹងគ្នានេះ នៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុន Johnson & Johnson អាចនឹងបង្ហាញលទ្ធផលធ្វើតេស្ត ដល់និយតករឱសថអាមេរិក ដោយជំរុញគោលដៅរបស់សហរដ្ឋអាមេរិក ក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋខ្លួនទាំងអស់ នៅត្រឹមខែមេសា ឆ្នាំ២០២១។
សហរដ្ឋអាមេរិកទំនងជាមានលទ្ធភាព អនុវត្តផែនការរបស់ខ្លួន ដោយគ្មានបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ព្រោះក្រុមហ៊ុនអង់គ្លេសនេះ ត្រូវប្រើពេលយូរទៀត ដើម្បីរង់ចាំទិន្នន័យថ្មីអំពីការធ្វើតេស្ត។ ពលរដ្ឋអាមេរិកាំងរាប់លាននាក់ អាចនឹងត្រូវចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬ Moderna នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ប្រសិនបើ FDA ផ្តល់ភ្លើងខៀវឲ្យប្រើប្រាស់។
ពិភពលោកទាំងមូលក៏កំពុងផ្តល់ថវិកាគាំទ្រវ៉ាក់សាំងនៅក្នុងប្រតិបត្តិការ Warp Speed ផងដែរ។ ជាក់ស្តែង សហភាពអឺរ៉ុបបានបញ្ជាទិញបេក្ខភាពវ៉ាក់សាំងពីក្រុមហ៊ុនចំនួន ០៦ ក្នុងនោះ ០៥ ជាក្រុមហ៊ុនបានទទួលការគាំទ្រ ពីសហរដ្ឋអាមេរិក។ ថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនទាំងនោះ សម្រាប់ការធ្វើតេស្តសាកល្បង និងជំរុញដល់ការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំផងដែរ។ លោក ស្ទេហ្វាន បានសែល (Stephane Bancel) នាយកប្រតិបត្តិក្រុមហ៊ុន Moderna បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP យ៉ាងដូច្នេះថា សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដល់ការធ្វើតេស្តវ៉ាក់សាំង សម្រាប់ភពផែនដីទាំងមូល។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញជៀសវាងផ្តល់កិត្តិយសដល់លោក ត្រាំ ដោយសារតែរដ្ឋបាលរបស់លោក បានបរាជ័យក្នុងការទប់ស្កាត់ការឆ្លង COVID-19 នៅសហរដ្ឋអាមេរិក បែរជាពឹងផ្អែកលើវ៉ាក់សាំង ជាជាងការដាក់ចេញនូវវិធានការ ការពារសុខភាពសាធារណៈ ដែលអាចជួយសង្គ្រោះជីវិតមនុស្ស បានរាប់ម៉ឺននាក់ទោវិញ។
លោក អេរិច តូផូល (Eric Topol) ប្រធានវិទ្យាស្ថានស្រាវជ្រាវស្គ្រីបស៍ (Scripps Research Institute) ដែលជាអ្នកពូកែរិះគន់លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកពូកែលើរឿងប្រភេទនេះ... តែមិនមានវិធានការពារ និងមិនអាចគ្រប់គ្រងវិបត្តិសុខភាពសាធារណៈ ក្នុងករណីជំងឺរាតត្បាតផ្ទុះឡើង»។ អ្នកជំនាញរូបនេះបានបន្តទៀតថា នេះគឺជាភាពខ្លាំងរបស់អាមេរិក មិនមែនលោក ត្រាំ នោះទេ ហើយទោះបីជាពួកគេ (រដ្ឋបាល ត្រាំ) បានបោះលុយរាប់ពាន់លានដុល្លារក៏ពិតមែន ប៉ុន្តែក្រុមហ៊ុននានាទៅវិញទេ ដែលជាអ្នកប្រឹងប្រឹងអភិវឌ្ឍ និងសម្រេចបានលទ្ធផលទាំងស្រុង៕