(តេហេរ៉ង់)៖ សារព័ត៌មានរដ្ឋអ៉ីរ៉ង់បានចេញផ្សាយថា អ្នកជំនាញកំពូលផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរ របស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវបានគេធ្វើឃាតហើយ តាមរយៈការវាយប្រហាររថយន្តរបស់លោក នៅក្បែរទីក្រុងអាប់សាដ (Absard) ភាគខាងជើងប្រទេស ខណៈអាជ្ញាធរអ៉ីរ៉ង់មានការសង្ស័យខ្ពស់ថា អ៉ីស្រាអែលជាអ្នកនៅពីក្រោយខ្នងអំពើឃាតកម្មនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងការពារជាតិអ៉ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរលោក ម៉ូហ៍សេន ហ្វាគ្រីហ្សាដេហ៍ (Mohsen Fakhrizadeh) បានទទួលរងរបួសជាទម្ងន់ នៅពេលដែលក្រុមអ្នកវាយប្រហារ ធ្វើការស្ទាក់រថយន្ត និងប្រយុទ្ធគ្នាជាមួយក្រុមសន្តិសុខការពាររូបលោក។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា លោក Fakhrizadeh ក្រោយមកបានបាត់បង់ជីវិត ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។

គួរបញ្ជាក់ថា លោក Mohsen Fakhrizadeh ធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឲ្យរហស្សនាមថា «បិតានៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់»។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោក ម៉ូហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បាននិយាយថា មានការចង្អុលបង្ហាញយ៉ាងច្បាស់លាស់ ជុំវិញអំពីឃាតកម្មនេះថា អ៉ីស្រាអែលគឺជាអ្នកដែលនៅពីក្រោយខ្នង។ លោក Zarif ក៏បានអំពាវនាវផងដែរឲ្យពិភពលោក បញ្ចប់ទង្វើបែបស្តង់ដាពីរ ដ៏គួរឲ្យអាម៉ាស់ និងថ្កោលទោសរដ្ឋភេរវករ (អ៉ីស្រាអែល) មួយនេះភ្លាមទៅ៕