(គួរឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ី បានយល់ព្រមចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ចំនួន ១២.៨លានដូស ពីក្រុមហ៊ុនផលិតឱសថ Pfizer។ ប្រការនេះ វាធ្វើឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនផលិតឱសថអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ខណៈពេលដែលទិន្នន័យតេស្តចុងក្រោយ បានបង្ហាញថាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធភាពរហូតដល់ ៩៥ភាគរយ ប្រទេសអាស៊ីជាច្រើន មិនបានចុះកិច្ចព្រមព្រៀងទិញ ជាក្រុមហ៊ុននេះឡើយ មួយផ្នែកដោយសារតែ កត្តាអាកាសធាតុក៏ដូចជាកង្វះឧបករណ៍រក្សាទុកជាដើម ថ្បិតថាវ៉ាក់សាំងទាំងនេះ ទាមទាររក្សាទុកនិងដឹកជញ្ជូនក្នុងទូរទឹកកករហូតដល់ -៧០អង្សាសេឯណោះ។ លើសពីនោះ វាអាចរក្សាទុកបានតែ ៥ ទៅ១៥ថ្ងៃប៉ុណ្ណោះ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងផ្តល់អាទិភាពដល់ក្រុមដែលមានហានិភ័យខ្ពស់ រួមមានដូចជាក្រុមគ្រូពេទ្យជួរមុខ មនុស្សចាស់ ក៏ដូចជាអ្នកដែលមានជំងឺប្រចាំកាយជាដើម។
គួរបញ្ជាក់ថា បើតាមគម្រោង ក្រុមហ៊ុនផលិតឱសថ Pfizer នឹងដឹកជញ្ជូនវ៉ាក់សាំងទៅប្រទេសម៉ាឡេស៊ីលើកដំបូង ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន ១លានដូស បន្ទាប់មកទៀតចំនួន ១.៧លានដូស បន្ទាប់មកទៀតចំនួន ៥.៨លានដូស និងលើកចុងក្រោយ ៤.៣លានដូស ក្នុងត្រីមាសបន្តបន្ទាប់៕