(ម៉ានីឡា)៖ នៅថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថនាំ AstraZeneca របស់អង់គ្លេស ចំនួន ២.៦លានដូស ខណៈករណីឆ្លងថ្មី នៅបន្តរកឃើញក្នុងអត្រាខ្ពស់នៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសាព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Joey Concepcion ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីហ្វីលីពីន បានថ្លែងក្នុងពិធីចុះហត្ថលេខាលើពិធីខាងលើនេះ យ៉ាងដូច្នេះថា«យើងសង្ឃឹមថាវ៉ាក់សាំងទាំងនេះ នឹងមកដល់នៅខែឧសភា ឬមិថុនាឆ្នាំក្រោយ។ យ៉ាងហោចណាស់ ប្រជាជនហ្វីលីពីន ឥឡូវនេះអាចត្រូវបានធានាថា នឹងមិនត្រូវបានទុកចោលនោះទេ»។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ ហ្វីលីពីនបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ចំនួន ១,៦៣១ករណី និងស្លាប់ ៤៦នាក់បន្ថែមទៀត។ រហូតមកទល់ពេលនេះ ប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងសរុប ៤២៥,៩១៨ករណី ក្នុងនោះស្លាប់ ៨,២៥៥នាក់ និងជាសះស្បើយ ៣៨៧,៦១៦នាក់៕