(ប៊ែកឡាំង)៖ ប្រទេសអាល្លឺម៉ង់ដែលត្រូវបានគេចាត់ទុកថាជាប្រទេសមួយ ដែលអាចគ្រប់គ្រង់ស្ថានការណ៍ COVID-19 បានល្អជាងគេនៅទ្វីបអ៊ឺរ៉ុប ឥឡូវនេះបានរកឃើញអ្នកឆ្លងលើសពី ១លានករណីហើយ នៅថ្ងៃសុក្រនេះ ខណៈដែលសំណួរជាច្រើនបានចោទសួរពី ប្រសិទ្ធិភាពនៃបេក្ខភាពវ៉ាក់សាំងឈានមុខគេនានា ដែលបានប្រកាសពីភាពជោគជ័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
មិនខុសពីប្រទេសដទៃទៀតនៅទ្វីបអឺរ៉ុប អាល្លឺម៉ង់កំពុងប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃជំងឺ COVID-19 យ៉ាងសកម្ម ខណៈដែលករណីឆ្លងថ្មីៗ នៅតែស្ថិតក្នុងអត្រាខ្ពស់នៅឡើយ។ ការសង្ស័យអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង ក៏ចេះតែកើតមាន។ ជាក់ស្តែងដូចជា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងដ៏ធំរបស់ចក្រភពអង់គ្លេស AstraZeneca កាលថ្ងៃព្រហស្បតិ៍មិ្សលមិញ បានប្រកាសថា ការស្រាវជ្រាវបន្ថែមគឺជារឿងចាំបាច់ បន្ទាប់ពីលទ្ធផលចម្រុះនៃការតេស្តដំណាក់កាលចុងក្រោយ ត្រូវបានប្រកាស។
ប្រទេសអាល្លឺម៉ង់បានគ្រប់គ្រងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នៅរលកទី១ បានយ៉ាងមានប្រសិទ្ធិភាព ប៉ុន្តែបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅរលកទី២។ វិទ្យាស្ថាន Robert Koch សម្រាប់ការគ្រប់គ្រងជំងឺឆ្លងបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីៗ ច្រើនជាង ២២,០០០ ករណីនៅថ្ងៃសុក្រនេះ។ ចំនួនអ្នកជំងឺ COVID-19 នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ពីចំនួន ៣៦០ នាក់នៅដើមខែតុលា រហូតដល់ច្រើនជាង ៣,៥០០ នាក់គិតត្រឹមសប្តាហ៍មុន។
គួរបញ្ជាក់ថា ប្រទេសសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបមួយនេះបានសម្រេចបិទភោជនីយដ្ឋាន បារ ទីតាំងហាត់កីឡា និងកន្លែងវប្បធម៌នានា ប៉ុន្តែសាលារៀន និងហាងនៅដំណើរការធម្មតា។ វិធានការឹតបន្តឹងនឹងត្រូវបន្ធូរបន្ថយជាបណ្តោះអាសន្ននៅក្នុងឱកាសបុណ្យណូអែល និងឆ្លងឆ្នាំថ្មីខាងមុននេះ ដែលអនុញ្ញាតឲ្យមានការជួបជុំមនុស្សពេញវ័យបានរហូតដល់ ១០នាក់ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ដល់ថ្ងៃចូលឆ្នាំថ្មី៕