(ម៉ូស្គូ)៖ ក្រុមហ៊ុនផលិតឱសថឥណ្ឌា Hetero នៅថ្ងៃសុក្រនេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងផលិតវ៉ាក់សាំង COVID-19 Sputnik V ជាង ១០០លានដូសក្នុងមួយឆ្នាំ ក្រោមកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនវិនិយោគរុស្សី (RDIF)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមសេចក្តីថ្លែងការណ៍រួមដែលបានបង្ហោះតាមរយៈគណនី Sputnik V នៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter បានឲ្យដឹងថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន RDIF ខាងលើនេះ គឺធ្វើឡើងដើម្បីបង្កើនការផលិតវ៉ាក់សាំង Sputnik V របស់ខ្លួន ដែលចាប់ផ្តើមផលិតនៅក្នុងប្រទេសឥណ្ឌានៅដើមឆ្នាំក្រោយនេះ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងបន្ថែមថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 Sputnik V ដំណាក់កាលទី២ ដល់ដំណាក់កាលទី៣ កំពុងតែដំណើរការនៅឡើយនៅក្នុងប្រទេសឥណ្ឌាដែលមានប្រជាជនជាង ១.៣ពាន់លាននាក់ គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។ ប៉ុន្តែអ្នកផលិតឱសថឥណ្ឌាម្នាក់ទៀត គឺលោកវេជ្ជបណ្ឌិត Reddy បានរំពឹងថា ការធ្វើតេស្តដំណាក់កាលទី៣ ឬចុងក្រោយ នឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០២១ខាងមុខនេះ។
ទន្ទឹមនឹងនេះ នាយកផ្នែកទីផ្សារអន្តរជាតិនៃក្រុមហ៊ុនផលិតឱសថ Hetero លោក B Murali Krishna Reddy បាននិយាយថា «ខណៈពេលដែលយើងកំពុងទន្ទឹមរងចាំលទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំង Sputnik V នៅក្នុងប្រទេសឥណ្ឌា យើងជឿជាក់ថាការផលិតផលិតផលក្នុងស្រុក គឺមានសារៈសំខាន់ដើម្បីផ្តល់លទ្ធភាពជូនដល់អ្នកជំងឺបានយ៉ាងឆាប់រហ័ស»។ លោក B Murali Krishna Reddy បានបន្ថែមថា កិច្ចព្រមព្រៀងនេះ ជាគោលបំណងដែលត្រូវបានលើកកម្ពស់ដោយនាយករដ្ឋមន្រ្តីឥណ្ឌា។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៩.២៧លាននាក់ ដែលជាអត្រាឆ្លងខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ច្រើនជាង ១៣៥,០០០នាក់នៅប្រទេសអាស៊ីខាងត្បូងមួយនេះ៕