(ឡុងដ៍)៖ ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាខ្លួនត្រូវការការសិក្សាស្រាវជ្រាវបន្ថែមទៀត លើការធ្វើតេស្ដវ៉ាក់សាំង COVID-19 បន្ទាប់ពីមានការសង្ស័យជាច្រើន លើប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ ក្រោមការអភិវឌ្ឍរួមគ្នា ជាមួយសាកលវិទ្យាល័យ Oxford។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាម Bloomberg ក្រុមហ៊ុន AstraZeneca អាចនឹងដំណើរការ ការសិក្សាស្រាវជ្រាវមួយ ដើម្បីវាយតម្លៃលើការចាក់វ៉ាក់សាំង ក្នុងកម្រិតដូសទាបដែលបានបង្ហាញពីប្រសិទ្ធភាព ល្អជាងការចាក់វ៉ាក់សាំងច្រើនជាងមួយដូស។ កាលពីថ្ងៃពុធកន្លងទៅ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford បានទទួលស្គាល់ពីកំហុសមួយ ក្នុងការផលិត ហើយ ការទទួលស្គាល់កំហុសនេះទៀតសោត កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដៃគូសហការទាំង២នេះ បានប្រកាសថាវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពខ្ពស់ អាចការពារមនុស្សពីការឆ្លង COVID-19។
គួរបញ្ជាក់ថា បើតាមលទ្ធផលបឋមនៃការធ្វើតេស្ដ ក្រុមអ្នកស័្មគ្រចិត្ត ដែលទទួលបានការចាក់វ៉ាក់សាំងពាក់កណ្ដាលដូស បង្ហាញថា វ៉ាក់សាំងអាចការពារពួកគេពី COVID-19 បានល្អជាងក្រុមអ្នកចាក់វ៉ាក់សាំង ០២ដូស។ ប្រការនេះមានន័យថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩០ភាគរយ នៅពេលចាក់លើក្រុមអ្នកស្ម័គ្រចិត្តក្នុងកម្រិតដូសទាប និងមានប្រសិទ្ធភាពត្រឹមតែ ៦២ភាគរយទៅវិញ នៅពេលចាក់វ៉ាក់សាំង ០២ដូសលើក្រុមអ្នកស្ម័គ្រចិត្ត ហើយបើបូកលទ្ធផលនេះបញ្ចូលគ្នា គឺវ៉ាក់សាំងមានប្រសិទ្ធភាព ៧០ភាគរយ។
ជុំវិញបញ្ហាក្នុងការធ្វើតេស្ដនេះដែរ សាកលវិទ្យាល័យ Oxford នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ដបតូចៗមួយចំនួន (អំពូលថ្នាំចាក់) ដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើតេស្ដ មិនមានកំហាប់វ៉ាក់សាំងត្រឹមត្រូវ ដូច្នេះហើយទើបអ្នកស្ម័គ្រចិត្ត ទទួលបានការចាក់វ៉ាក់សាំងត្រឹមពាក់កណ្ដាលដូស។ សាកលវិទ្យាល័យ Oxford បានបន្ថែមទៀតថា ខ្លួននឹងពិភាក្សាលើបញ្ហានេះជាមួយក្រុមអាជ្ញាធរនិយ័តករ ហើយនឹងបញ្ចប់ការធ្វើតេស្ដដំណាក់កាលទី ៣ ទាំងស្រុងលើអ្នកស្ម័គ្រចិត្តទាំងពីរក្រុមនេះ ខណៈកំហុសក្នុងការផលិតត្រូវបានកែតម្រូវ។
ក្រុមជំនាញមួយចំនួនកំពុងសង្ស័យពីប្រសិទ្ធភាព នៃវ៉ាក់សាំងអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ដោយពួកគេយល់ថាការចាក់វ៉ាក់សាំង ក្នុងកម្រិតដូសតិច គឺវាបង្កការលំបាកក្នុងការវាយតម្លៃ អំពីប្រសិទ្ធភាពវ៉ាក់សាំង។ តែទោះជាបែបនេះក្ដី ការសិក្សាស្រាវជា្រវបន្ថែមរបស់ AstraZeneca និង Oxford ទំនងជានឹង មិនធ្វើឱ្យប៉ះពាល់ដល់ការទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបឡើយ៕