(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យប្រហារជីវិតមនុស្ស ០២នាក់ ព្រមទាំងហាមឃាត់ការនេសាទនៅឯសមុទ្រ និងបិទរដ្ឋធានីព្យុងយ៉ាងជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមសមាជិកសភាកូរ៉េខាងត្បូងម្នាក់ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
សមាជិកសភាកូរ៉េខាងត្បូងមួយរូប គឺលោក ហា តែគុង (Ha Tae-keung) បានអះអាងបែបនេះ ក្រោយពីលោកបានចូលរួមការស្ដាប់របាយការណ៍ របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) នៅថ្ងៃសុក្រនេះ។ បើតាមលោក Ha ដោយផ្អែកលើការស្រង់សម្ដីពី NIS លោក គីម ជុងអ៊ុន ខឹងសម្បារយ៉ាងខ្លាំង និងបានចាត់វិធានការតឹងរ៉ឹងជាច្រើនឆ្លើយតបទៅនឹង COVID-19 រួមទាំងការទប់ស្កាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។
សមាជិកសភារូបនេះបានបន្ដទៀតថា លោក គីម បានចេញបញ្ជាឱ្យគេប្រហារជីវិតមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកលើអាត្រាប្ដូរប្រាក់ក្នុងទីក្រុងព្យុងយ៉ាង កាលពីខែតុលាកន្លងទៅ ដោយសារតែមន្ត្រីរូបនេះបានបរាជ័យ ក្នុងការដោះស្រាយបញ្ហាលើអាត្រាប្ដូរប្រាក់។ ចំណែកឯ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតក៏ត្រូវបានប្រហារជីវិត កាលពីខែសីហាផងដែរ ដោយសារតែរូបគេបានបំពានវិធានការរដ្ឋាភិបាល លើការរឹតត្បិតចំណីអាហារនាំចូលពីបរទេស។ មន្ត្រីទាំងពីរនាក់នេះមិនត្រូវបានគេបញ្ជាក់អត្តសញ្ញាណឡើយ។
គួរបញ្ជាក់ថា បើតាមលោក Ha Tae-keung លោក គីម ជុងអ៊ុន ក៏បានចេញឱ្យមន្ត្រីទូតកូរ៉េខាងជើងទាំងអស់ នៅឯក្រៅប្រទេសរក្សាការអត់ធ្មត់ និងកុំធ្វើសកម្មភាពទាំងឡាយណា ដែលនាំឱ្យសហរដ្ឋអាមេរិកផ្ទុះកំហឹងផងដែរ ដ្បិតលោកបារម្ភខ្លាចក្រែងរដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោក ចូ បៃដិន អាចនឹងរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង។ តែទោះជាបែបនេះក្ដី NIS នៅតែរំពឹងថា កូរ៉េខាងជើងអាចនឹងរៀបចំការធ្វើ ព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ឬបាញ់តេស្ដមីស៊ីល មុននឹងសមាជបក្សពលករកូរ៉េខាងជើង ប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២១។ ការធ្វើបែបនេះ គឺដើម្បីបង្ហាញសាច់ដុំនៅពេលលោក បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី ៤៦៕