(ឡុងដ៍)៖ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសស្កុតឡេន គឺលោកស្រី នីខូឡា ស្ទើរជីន (Nicola Sturgeon) បាននិយាយថា លោកស្រីចង់រៀបចំការបោះឆ្នោតប្រជាមតិ ស្ដីពីឯករាជ្យភាពពីចក្រភពអង់គ្លេសជាលើកទី ២ ឱ្យបានឆាប់រហ័សគឺអាចនៅឆ្នាំ២០២១ ខាងមុខនេះតែម្ដង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកស្រី Nicola Sturgeon ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Times នៅថ្ងៃសុក្រនេះ។ លោកស្រី Sturgeon បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ស្កុតឡេន គួរតែមានឱកាសជ្រើសរើសថា ខ្លួនគួរតែមានឯករាជ្យភាពដែរ ឬក៏យ៉ាងណា ឱ្យបានឆាប់រហ័ស ជាជាងត្រូវរង់ចាំរហូតដល់ការបោះឆ្នោតសភាថ្មី នៅខែឧសភា ឆ្នាំ២០២១»។ គិតតាមទិន្នន័យកាលពីឆ្នាំ២០១៩ ប្រទេសស្កុតឡេនមានប្រជាជនសរុប ៥.៤៦លាននាក់។
គួរបញ្ជាក់ថា ប្រជាជនស្កុតឡែនកាលពីឆ្នាំ២០១៤ បានបោះឆ្នោតប្រឆាំងនឹងការផ្ដាច់ខ្លួន ចេញពីចក្រភពអង់គ្លេសក្នុងសំឡេងគាំទ្រ ៥៥% ទល់នឹងសំឡេងជំទាស់ ៤៥%។ ទោះជាយ៉ាងណា ការដកខ្លួនចេញពីសហភាពអឺរ៉ុប ឬ Brexit រួមទាំងបញ្ហាលើការដោះស្រាយវិបត្តិ COVID-19 របស់រដ្ឋាភិបាលអង់គ្លេស ត្រូវបានគេមើលឃើញថា កំពុងលើកទឹកចិត្តឱ្យប្រជាជនស្កុតឡេនរឹតតែច្រើនឡើង មានទំនោរចង់មានឯករាជ្យភាពពីចក្រភពអង់គ្លេស៕