(តៃវ៉ាន់)៖ កំឡុងការជជែកដេញដោលគ្នាមួយ ក្នុងសភាតៃវ៉ាន់នៅថ្ងៃសុក្រនេះ ជុំវិញប្រធានបទផលិតផលសាច់ជ្រូករបស់សហរដ្ឋអាមេរិក ហេតុការណ៍វាយតប់គ្នាបានកើតមានឡើង ដោយអមជាមួយនឹងបាតុភាពគ្រឿងក្នុងរបស់សត្វជ្រូក ហោះពាសពេញបន្ទប់ប្រជុំសភាតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
កាលពីខែសីហាកន្លងទៅ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានប្រកាសថា រដ្ឋាភិបាលតៃវ៉ាន់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នឹងអនុញ្ញាតឲ្យនាំចូលផលិតផលសាច់ជ្រូកអាមេរិក ដែលមានផ្ទុកសារធាតុម៉្យាងហៅថា រ៉ាក់តូផាមីន (Ractopamine) ដែលត្រូវបានហាមឃាត់នៅសហភាពអឺរ៉ុប (EU) និងនៅចិន រួមជាមួយផលិតផលសាច់គោអាមេរិក ដែលចាស់លើសពី ៣០ខែផងដែរ។
ខណៈការសម្រេចចិត្តបែបនេះទទួលបានការស្វាគមន៍ នៅទីក្រុងវ៉ាស៉ីនតោន គណបក្សជាតិនិយមតៃវ៉ាន់ គូមីនតាង (Kuomintang) ដែលជាបក្សប្រឆាំងដ៏ធំប្រចាំកោះនេះ បានជំទាស់យ៉ាងដាច់អហង្ការ ដោយលើកឡើងអំពីក្តីបារម្ភរបស់សាធារណជន ជុំវិញសុវត្ថិភាពចំណីអាហារ។ ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក គណបក្ស Kuomintang (KTM) បានធ្វើសកម្មភាពតវ៉ានៅក្នុងសភាតៃវ៉ាន់ តាមរយៈការរារាំងមិនឲ្យនាយករដ្ឋមន្រ្តី លោក ស៊ូ ត្សេងឆាង (Su Tseng-chang) អានរបាយការណ៍ ឬឆ្លើយសំណួរអ្វីឡើយ។
ប៉ុន្តែនៅថ្ងៃសុក្រនេះ ដោយសាំចិត្តនឹងទង្វើរបស់គណបក្ស KTM ខ្លាំងពេក គណបក្សកាន់អំណាច DPP បានប្តេជ្ញាដោយត្រូវធានាឲ្យបានថា លោក Su នឹងអាចឡើងនិយាយបាន។ ក្រុមសមាជិកសភាគណបក្ស DPP បានព្យាយាមប្រមូលផ្តុំគ្នាបង្កើតជារនាំងការពារ នៅពេលលោក Su ដើរឡើងទៅលើវេទិកា ខណៈក្រុមសមាជិកសភាបក្ស KTM បានស្រែកចំអក, លើកបដា និងបញ្ចេញសំឡេងកញ្ចែយ៉ាងកងរំពង។
នៅពេលដែលលោក Su ចាប់ផ្តើមនិយាយ ស្រាប់តែក្រុមគណបក្ស KTM បានគ្រវែងគឿងក្នុងជ្រូក ហោះរំលងសមាជិកសភានានា និងធ្លាក់ពាសពេញសាលសភាតែម្តង ហើយសមាជិកសភាមួយចំនួន ក៏ផ្ទុះការប្រតាយប្រតប់គ្នាយ៉ាងរញ៉េរញ៉ៃផងដែរ។ គណបក្សកាន់អំណាចនៅតៃវ៉ាន់ DPP បានថ្កោលទោសធ្ងន់ៗ ចំពោះទង្វើរបស់គណបក្ស KTM។ គួរបញ្ជាក់ថា ការឈ្លោះទាស់ទែងគ្នាបែបនេះ មិនមែនជារឿងថ្មីនោះឡើយ សម្រាប់សភាកោះតៃវ៉ាន់៕