(ញូដេលី)៖ កងទ័ពឥណ្ឌាបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំងប្រភេទ MiG-29K ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកឥណ្ឌា បានធ្លាក់ចូលទៅក្នុងដែនសមុទ្រអារ៉ាប់ (Arabian Sea) ដែលធ្វើឲ្យអាកាសយានិកម្នាក់បានបាត់ខ្លួន ខណៈអាកាសយានិកម្នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍មួយបានគូសបញ្ជាក់ថា «យន្តហោះចម្បាំង MiG-29K មួយគ្រឿងដែលកំពុងប្រតិបត្តិការនៅលើសមុទ្រអារ៉ាប់ បានជួបគ្រោះថ្នាក់នៅម៉ោងប្រហែល ០៥៖០០ល្ងាច (ម៉ោងក្នុងតំបន់) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលបង្កទៅជាគ្រោះថ្នាក់នេះឡើយ»។
គួរបញ្ជាក់ថា ជុំវិញបញ្ហាខាងលើកងទ័ពជើងទឹកឥណ្ឌា ក៏បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតបន្ថែម លើឧប្បត្តិហេតុធ្លាក់នោះផងដែរ៕