(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានព្រមាន អំពីការបិទប្រទេសយ៉ាងតឹងរ៉ឹងជាលើកទីបី នៅក្នុងឆ្នាំថ្មីខាងមុខនេះ ប្រសិនបើប្រទេសអង់គ្លេសបន្ធូរបន្ថយវិធានការរឹតត្បិត ប្រឆាំងនឹងជំងឺ COVID-19 នាពេលឥឡូវនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា «ប្រសិនបើយើងបន្ធូរបន្ថយវិធានការរឹតត្បឹតឥឡូវនេះ យើងនឹងប្រឈមចំពោះការបាត់បង់ នូវការគ្រប់គ្រងលើវីរុសកូរ៉ូណា (COVID-19) នេះម្តងទៀត ដែលយើងអាចនឹងខាតបង់នូវប្រាក់ចំណេញទាំងឡាយ ព្រមទាំងបង្ខំឲ្យយើងត្រលប់ទៅរកការបិទប្រទេសសាជាថ្មី នៅក្នុងឆ្នាំថ្មីខាងមុខនេះ ជាមួយនឹងការខូចខាតស្ទើរតែទាំងអស់ នៅទូទាំងប្រទេសផងដែរ»។
គួរបញ្ជាក់តាមរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) បានប្រកាសថា ប្រទេសអង់គ្លេសនឹងប្រឈមចំពោះវិធានការរឹតត្បិតប្រឆាំង COVID-19 ក្នុងកម្រិតទី ៣ បន្ទាប់ពីការបិទប្រទេសរយៈពេលមួយខែនេះ នឹងបញ្ចប់នៅសប្តាហ៍ក្រោយ។ យោងតាមសាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins) រហូតមកដល់ពេលនេះ ប្រទេសអង់គ្លេសបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ១,៥៧៨,០០០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួនជាង ៥៧,០០០នាក់៕