(វែលីងតោន)៖ រដ្ឋាភិបាលនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) កំពុងត្រៀមប្រកាស «ភាពអាសន្នផ្នែកអាកាសធាតុ» ដើម្បីជំរុញសកម្មភាពប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហាកើនឡើងកម្តៅលើផែនដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
រដ្ឋាភិបាលនូវែលសេឡង់នឹងបញ្ជូនសំណើ ទៅកាន់សភានៅថ្ងៃពុធសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងគម្រោងប្រកាសភាពអាសន្ននេះ។ លោកស្រី Ardern ដែលគណបក្សទើបទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលអាណត្តិថ្មីកាលពីពាក់កណ្តាលខែមុន បាននិយាយយ៉ាងដូច្នេះថា «ពួកយើងតែងតែចាត់ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ ជាការគំរាមកំហែងធំបំផុតចំពោះតំបន់របស់យើង ហើយវាគឺជាអ្វីដែលយើងទាំងអស់គ្នា ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីព្យាយាមដោះស្រាយ»។
កាលពីអាណត្តិមុន រដ្ឋាភិបាលលោកស្រី Ardern បានអនុម័តសេចក្តីព្រាងច្បាប់មួយហៅថា Zero Carbon Bill ដែលកំណត់នូវគោលការណ៍ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច នៅក្នុងប្រទេសនូវែលសេឡង់ ឲ្យមកនៅត្រឹមសូន្យនៅឆ្នាំ២០៥០ ដោយសេចក្តីព្រាងច្បាប់នោះទទួល បានការគាំទ្រពីគណបក្សចម្រុះនៅក្នុងសភា។ ក្នុងអាណត្តិនោះ រដ្ឋាភិបាលលោកស្រី ក៏បានដាក់សំណើពាក់ព័ន្ធនឹង ការប្រកាសអាសន្នផ្នែកអាកាសធាតុផងដែរ ប៉ុន្តែវាមិនអាចទៅមុខរួច។
គួរបញ្ជាក់ថា ប្រសិនបើការប្រកាសអាសន្នផ្នែកអាកាសធាតុត្រូវបានអនុម័ត នោះនូវែលសេឡង់នឹងចូលរួមជាមួយប្រទេសដទៃទៀតដូចជា កាណាដា បារាំង និងចក្រភពអង់គ្លេស ដែលបានដើរលើផ្លូវដូចគ្នា ដើម្បីផ្តោតការប្រឹងប្រែងទៅលើ ការដោះស្រាយបញ្ហាបម្រែបម្រួលធាតុអាកាស។ ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនេះដែរ កាលពីសប្តាហ៍កន្លងទៅ សមាជិកសភាជប៉ុនបានប្រកាសភាពអាសន្នផ្នែកអាកាសធាតុ និងបានប្តេជ្ញាប្រកាន់ខ្ជាប់នូវកិច្ចប្រឹងប្រែងកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូននៅក្នុងប្រទេសជប៉ុន ឲ្យនៅកម្រិតសូន្យក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ៕