(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ័ក អារៀហ្សា (Jorge Arreaza) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតពីសំណើផ្លូវការនៃប្រទេស របស់លោក ដែលចង់ចូលរួមក្នុងការសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងនៅក្នុងកិច្ចប្រជុំថ្ងៃទី៣ នៃសន្និសីទអាស៊ានធ្វើឡើងតាមរយៈវីដេអូខុនហ្វេរិន ក្នុងទីក្រុងការ៉ាកាស់ លោក អារៀហ្សា បានគូសបញ្ជាក់ដូច្នេះថា៖ «យើងចង់បង្ហាញពីអ្វីដែលយើង បានធ្វើ នោះគឺរៀបចំសំណើផ្លូវការដើម្បីឱ្យវេណេស៊ុយអេឡា ក្លាយជាផ្នែកមួយនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន ហើយនេះនឹងក្លាយជាការបោះជំហានមួយ ដ៏សំខាន់សម្រាប់វេណេស៊ុយអេឡា ក្នុងការបង្កើតទំនាក់ទំនងពោរពេញដោយផ្លែផ្កាជាមួយអាស៊ាន»។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក អារៀហ្សា លោកផ្ទាល់មានគម្រោងបំពេញទស្សនកិច្ច ទៅកាន់បណ្ដាប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន នៅពេលដែលការរឹតត្បិតលើការធ្វើដំណើរទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ត្រូវបានលុបចោល៕