(ហ្សាការតា)៖ រដ្ឋមន្ត្រីឥណ្ឌូណេស៊ី ទទួលបន្ទុកកិច្ចការសមុទ្រ និងជលផល លោក Edhy Prabowo ត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទពុករលួយមានជាប់ពាក់ព័ន្ធនឹង គោលនយោបាយដ៏ចម្រូងចម្រាស ដែលអនុញ្ញាតឱ្យនាំចេញ «ពូជកូនបង្កង» ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯទីស្នាក់ការកណ្ដាលក្នុងទីក្រុងហ្សាការតា នៅថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណៈកម្មាការលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី បាននិយាយថា លោក Edhy Prabowo និងមិត្តរួមការងាររបស់លោកមួយចំនួន រងការចោទប្រកាន់ថាបានទទួលសំណូក ៦៩៥,៦៥៥ដុល្លារ ពីក្រុមឈ្នួញដែលទទួលបាន ប្រយោជន៍ពីការសម្រេចចិត្តរបស់លោក ដែលលុបចោលបម្រាមនាំចេញកូនបង្កង។

គួរបញ្ជាក់ថា លោក Edhy Prabowo និងភរិយា ព្រមទាំងមនុស្សមួយចំនួន ត្រូវបានមន្ត្រីប្រឆាំងអំពើពុករលួយឃាត់ខ្លួន នៅឯអាកាសយានដ្ឋាន Soekarno-Hatta នៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយលោកត្រឡប់មកពីបំពេញទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក។ លោក Prabowo ក៏បានសូមទោសជាសាធារណៈផងដែរសម្រាប់ការ ប្រព្រឹត្តកំហុសឆ្គងរបស់លោក ខណៈលោកប្រធានាធិបតី Joko Widodo បានតែងតាំងរដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Pandjaitan ជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសមុទ្រ និងជលផលស្ដីទី ជំនួសលោក Prabowo៕